សេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់នូវទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅវៀតណាម។ ប្រភព៖ VGP

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍នូវដំណាក់កាលជាប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។  សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមមួយខ្លាំងមាំមួន ឯករាជ្យ វិបុលភាព និងពឹងផ្អែកលើខ្លួនឯង។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើគោលការណ៍ជាមូលដ្ឋានណែនាំទំនាក់ទំនងវៀតណាម-អាមេរិក រួមមាន ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពស្ថាប័ននយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តធ្វើឱ្យទំនាក់ទំនងនយោបាយ-ការទូតកាន់តែស៊ីជម្រៅ ហើយនឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាប្រចាំនៅគ្រប់កម្រិត ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក កសាង និងពង្រឹងការជឿទុកចិត្តនយោបាយ។ ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផល និងបើកទូលាយទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ និងសេវាកម្មរបស់ប្រទេសនីមួយៗ គាំទ្រគោលនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិធានការតាមបទប្បញ្ញត្តិដើម្បីសម្រេចបាននូវគោលដៅខាងលើ; រួមគ្នាដោះស្រាយបញ្ហាដូចជា ឧបសគ្គក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម និងវិនិយោគ។

វៀតណាម និងអាមេរិកសម្រេចជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យឌីជីថល។ អាមេរិកអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនការគាំទ្រដល់វៀតណាមក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍកម្លាំងពលកម្មបច្ចេកវិទ្យាខ្ពស់។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយគោរពសេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្ម ពាណិជ្ជកម្មស្របច្បាប់ ដោយគ្មានការរាំងស្ទះនៅសមុទ្រខាងកើត។  គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសឆ្នេរសមុទ្រចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រនៃប្រទេសនីមួយៗ ស្របតាមច្បាប់សមុទ្រអន្តរជាតិ ដូចមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។

ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ទាំងមូលស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ហើយអះអាងឡើងវិញនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅសម្រេចបាននូវក្រមសីលធ៌មសម្រាប់ភាគីនានានៅសមុទ្រខាងកើត  ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 និងមិនប៉ះពាល់ដល់សិទ្ធិរបស់ប្រទេសណាមួយនៅក្រោមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ