ស៊ូដង់ប្រកាស​ដក​​ស្ថានភាព​អាសន្ននៅ​ទូទាំង​ប្រទេស​

(VOVWORLD) - នៅថ្ងៃទី ២៩ ខែឧសភា ក្រុមប្រឹក្សាអធិបតេយ្យភាពដែលកំពុងកាន់អំណាចនៅប្រទេសស៊ូដង់បានឲ្យដឹងថា នាយឧត្តមសេនីយ៍  Abdel Fattah al-Burhan បានប្រកាសដកស្ថានភាពអាសន្ន ដែលត្រូវបានអនុវត្តន៍ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំមុន នៅក្នុងប្រទេសអាហ្វ្រិកនេះ។
ស៊ូដង់ប្រកាស​ដក​​ស្ថានភាព​អាសន្ននៅ​ទូទាំង​ប្រទេស​ - ảnh 1អគ្គមេបញ្ជាការកងទ័ពស៊ូដង់ នាយឧត្តមសេនីយ៍ Abdel Fattah al-Burhan។ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងថា នាយឧត្តមសេនីយ៍ Abdel Fattah al-Burhan បានចេញក្រិត្យមួយ ដែលប្រកាសដកស្ថានភាពអាសន្ននៅទូទាំងប្រទេស។ បទបញ្ជានេះ ត្រូវនាំចេញដើម្បីត្រៀមរៀបចំសម្រាប់កិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពនិងមានអត្ថន័យ សំដៅសម្រេចឲ្យបាននូវស្ថិរភាពសម្រាប់ដំណាក់កាលអន្តរកាល។

ការសម្រេចចិត្តនេះ ត្រូវបាននាយឧត្តមសេនីយ៍ Abdel Fattah al-Burhan នាំចេញបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់ ដែលបានផ្តល់អនុសាសន៍ឱ្យដកចេញស្ថានភាពអាសន្ន និងដោះលែងអ្នកដែលត្រូវបានចាប់ឃុំឃាំង តាមច្បាប់ក្នុងគ្រាអាសន្ន។ មុននោះ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Volker Perthes ក៏បានធ្វើការអំពាវនាវឱ្យមានការដកស្ថានភាពអាសន្នក្នុងប្រទេសស៊ូដង់ផងដែរ បន្ទាប់ពីឧប្បត្តិហេតុដែលបាតុករប្រឆាំងរដ្ឋប្រហារពីរនាក់បានស្លាប់ កាលពីថ្ងៃទី ២៨ ខែឧសភា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ