ស៊ូដង់ប្រកាស"មិនស្វាគមន៍"បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Volker Perthes
(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមិថុនា ក្រសួងការបរទេសស៊ូដង់បានចេញសេចក្តីជូនដំណឹងថា រដ្ឋាភិបាលប្រទេសនេះបានប្រកាសបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Volker Perthes ជា "ជនមិនត្រូវបានស្វាគមន៍"។
អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ ឧត្តមសេនីយ៍ Abdel-Fattah Al-Burhan។ រូបថត៖ AFP/VNA |
កាយវិការនេះបានកើតឡើង ២ សប្តាហ៍បន្ទាប់ពីមេបញ្ជាការកងទ័ពស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan បានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិ ស្នើសុំជំនួសតំណែងរបស់លោករូបនេះ ដោយចោទប្រកាន់ថា បេសកជនពិសេស Perthes បានធ្វើឱ្យស្ថានភាពជម្លោះកាន់តែធ្ងន់ធ្ងរ រវាងកងទ័ពស៊ូដង់ ដឹកនាំដោយឧត្តមសេនីយ Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Daglo ។ ជាការឆ្លើយតប លោក Perthes បានចាត់ទុកថា អ្នកដែលទទួលខុសត្រូវក្នុងការបង្កឱ្យជម្លោះផ្ទុះឡើងនៅស៊ូដង់ គឺជាមេទ័ពនៃភាគីទាំងពីរ។
នៅថ្ងៃដដែលនោះ នៅលើបណ្តាញសង្គម Twitter អង្គការសហប្រជាជាតិបានឲ្យដឹងថា លោក Perthes កំពុងមានវត្តមាននៅទីក្រុង Addis Ababa (ប្រទេសអេត្យូពី) ដើម្បីចូលរួមកិច្ចចរចាការទូតមួយចំនួន។
មុននោះ នាថ្ងៃទី ២៧ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះបេសកជនពិសេសប្រចាំនៅស៊ូដង់ដោយនិយាយថា លោកពេញចិត្តនឹងការងាររបស់លោក Volker Perthes ហើយបានបញ្ជាក់ឡើងវិញនូវទំនុកចិត្តទាំងស្រុងចំពោះតួនាទីរបស់បេសកជនពិសេសអង្គការសហប្រជាជាតិ៕