សេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ហូឡង់

(VOVWORLD) - នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញជួបពិភាក្សាលើបញ្ហាជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។

សេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ហូឡង់ - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV)

ដោយសម្តែងនូវការសប្បាយរីករាយចំពោះដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី ហូឡង់ លោក Mark Rutte ដែលបានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ “ដំណើរទស្សនៈកិច្ចនៅ វៀតណាមលើកនេះរបស់លោកនាយករដ្ឋមន្ត្រី មានអត្ថន័យពិសេស ផ្ញើសារដ៏រឹងមាំអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហូឡង់ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្តែង ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យថ្មីៗ ជាពិសេសវិស័យផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមចំណែកជាវិជ្ជមានដល់សន្តិភាព  ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ ការដែលគណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាខ្ពស់របស់ហូឡង់ដែលអមដំណើរលោកនាយករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ចនេះនឹងបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខ”។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហូឡង់បានអះអាងថា វៀតណាមជាដៃគូអាទិភាព និង សំខាន់របស់ហូឡង់ក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

នៅក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា សេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយបានឯកភាពបន្តអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យហូឡង់ គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" របស់ IUU (ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ) សម្រាប់ការនាំចេញជលផលរបស់វៀតណាម។ ជាមួយគ្នានោះ ផ្តល់សច្ចាប័នយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA ) និងលើកទឹកចិត្តធុរកិច្ចហូឡង់ ជំរុញការវិនិយោគនៅវៀតណាមក្នុងវិស័យជាសក្កានុពលរបស់ ហូឡង់។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងតំបន់។ ទាក់ទងនឹងសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពគាំទ្រការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ