សេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញ
(VOVWORLD) - នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល នារសៀលថ្ងៃទី២ តុលា នៅទីក្រុងហាណូយ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋា ភិបាលវៀតណាមលោក Mai Tien Dung បានឲ្យដឹងថា យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលគឺស្ថានភាពសេដ្ឋកិច្ចក្នុងខែកញ្ញា មានចំណុចភ្លឺជាច្រើន។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល។ (រូបថត៖ VGP) |
ទីមួយគឺការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ទទួលបានប្រសិទ្ធភាពខ្ពស់ ដោយមិនកត់ត្រាករណីឆ្លងជម្ងឺថ្មីក្នុងសហគមន៍ក្នុងអំឡុងពេល៣០ថ្ងៃកន្លងមកនោះឡើយ។ វិស័យកសិកម្មទំនងជាសម្រេចបានទំហំនាំចេញចំនួន៤១ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំនេះ ខណៈដែលវិស័យឧស្សាហកម្មទទួលបានកំណើនប្រមាណ ២,៦៩%។ ក្នុងបរិបទដ៏លំបាកដោយសារជម្ងឺរាតត្បាត វៀតណាមនៅតែទទួលបានអតិរេកពាណិជ្ជកម្មចំនួន១៧ពាន់លានដុល្លាអាមេរិក។ លោក Mai Tien Dung បានអះអាងថា៖
“ស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម៉ាក្រូសេដ្ឋកិច្ចរក្សាបាននូវស្ថិរភាព ជាពិសេសគឺ ក្នុងត្រីមាសទី៣កន្លងទៅ ទោះបីជាប្រទេសជាតិទាំងមូលត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ GDP ក្នុងរយៈពេល៩ខែកន្លងមកនៅតែកើន២,១២%។ នេះជាបុព្វបទដ៏សំខាន់ដែលជួយឲ្យយើងឆ្ពោះទៅរកកំណើនវិជ្ជមានក្នុងពេញមួយឆ្នាំ។ វៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលទទួលបានកំណើនវិជ្ជមាន ហើយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចលើពិភពលោកដែលទទួលបានកំណើនវិជ្ជមានផងដែរ”៕