សេដ្ឋកិច្ចវៀតណាមជាចំណុចភ្លឺស្វាងអំពីកំណើន
(VOVWORLD) - អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានបញ្ជាក់ថា ក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក វៀតណាមនៅតែជាចំណុចភ្លឺស្វាងអំពីកំណើននិងស្ថិរភាពក្នុងតំបន់។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ២០២២ នាថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក (ប្រទេសថៃ) លោកស្រីអគ្គនាយិកា IMF បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែជាចំណុចភ្លឺស្វាងក្នុងតំប ន់នៅពេលសម្រេចបានកំណើនខ្ពស់ ព្រមទាំងជាខឿនសេដ្ឋកិច្ចបើកចំហ ស្វាហាប់ ហើយមានភាពធន់នឹងជំងឺរាតត្បាត កូវីដ-១៩ផងដែរ។ យោងតាមមេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ ការបន្តពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង បាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចវៀត ណាម។ លោកស្រីអគ្គនាយិកាបានសម្ដែងគោលបំណងចង់ឱ្យវៀតណាមបន្តរួមចំណែកក្នុងរបៀបវារៈសកលស្ដីពីការផ្លាស់ប្តូរគំរូកំណើន និងការធានាខ្សែសង្វាក់ផ្គត់ផ្គង់។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពដែលបានចេញផ្សាយនៅពាក់កណ្តាលខែតុលាកន្លងទៅ IMF បានតម្លើងការព្យាករណ៍សម្រាប់កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ដោយ ១ ភាគរយបន្ថែមទៀត បើធៀបនឹងការប្រកាសកាលពីដើមឆ្នាំ ពោលគឺឡើងដល់ ៧%។ យោងតាម IMF ការដកវិធានការរឹតត្បិតប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ តម្រូវការខ្លាំងក្លាពីដៃគូពាណិជ្ជកម្ម ការអនុវត្តកម្មវិធីស្តារឡើងវិញក្នុងវិស័យផលិតកម្ម ការលក់រាយ សេវាកម្ម ទេសចរណ៍ និងការគ្រប់គ្រងអតិផរណាបានយ៉ាងល្អ គឺជាកត្តាដែលជួយវៀតណាមមានកំណើនគួរឲ្យចាប់អារម្មណ៍៕