សេដ្ឋកិច្ចវៀតណាមរក្សាយថាទស្សន៍វិជ្ជមាន
(VOVWORLD) - សេដ្ឋកិច្ចវៀតណាមបន្តកត់ត្រាសញ្ញាវិជ្ជមានក្រោយរយៈពេល ៦ខែដើមឆ្នាំនេះ។ ទោះបីជាសេដ្ឋកិច្ចនៅតែមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏នៅតែជាចំណុចភ្លឺនៃកំណើននៅក្នុងតំបន់។
គេហទំព័រ CNBC បានដកស្រង់ការអត្ថាធិប្បាយរបស់លោក Kai Wei Ang សេដ្ឋវិទូជំនាញអាស៊ាន ដោយសង្កត់ធ្ងន់ថា វៀតណាមគឺជាចំណុចភ្លឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានទីផ្សារការងារប្រកួតប្រជែង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដែលជួយឱ្យសកម្មភាពនាំចេញទៅកាន់ទីផ្សារនានាកាន់តែងាយស្រួល។ នេះក៏ជាកត្តាមូលដ្ឋានដែលជួយវៀតណាមទាក់ទាញការវិនិយោគផងដែរ។
ចែករំលែកមតិដូចគ្នា គេហទំព័រ Borneo Bulletin បានដកស្រង់របាយការណ៍ពីធនាគារ Maybank ដោយវាយតម្លៃថា វៀតណាម រួមជាមួយឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ គឺជាតារាកំណើន។ ការស្តារឡើងវិញនៃកំណើនត្រូវបានជំរុញដោយផលិតកម្ម និងការនាំចេញ។
គេហទំព័រ fibre2fashion (ឥណ្ឌា) បានដកស្រង់របាយការណ៍របស់ធនាគារពិភពលោកដោយឲ្យដឹងថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាមក្នុងខែឧសភាឆ្នាំ ២០២៤ បានកើនឡើង ២,៦% បើធៀបនឹងខែមេសា និងកើនឡើង ៨,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដោយសារការនាំចេញកើនឡើងយ៉ាងខ្លាំង។
ដោយចែករំលែកមតិដូចគ្នា គេហទំព័រ The Star បានឲ្យដឹងថា ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ បានកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានបញ្ហាប្រឈមមួយចំនួន។
ទាក់ទងនឹងយថាទស្សន៍ នៅក្នុងការវាយតម្លៃថ្មីបំផុតរបស់អង្គការវាយតម្លៃឥណទាន S&P Global ចំណាត់ថ្នាក់ឥណទានជាតិសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលវែងគឺនៅកម្រិត "BB+" ជាមួយនឹងយថាទស្សន៍ស្ថេរភាពក្នុងរយៈពេលវែង៕