ស្ត្រីសហគ្រិននៃបីប្រទេសកម្ពុជា-ឡាវ-វៀតណាម និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង
(VOVWORLD) - វេទិកាតភ្ជាប់ និងជួបប្រាស្រ័យស្ត្រីសហគ្រិន នៃប្រទេសទាំងបី៖ កម្ពុជា - ឡាវ - វៀតណាម ក្រោមប្រធានបទ “ស្ត្រីសហគ្រិន និងសេដ្ឋកិច្ចបៃតង” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ។
ប្រធានគណៈកម្មការចលនាមហាជនមជ្ឈិម លោកស្រី Bui Thi Minh Hoai អញ្ជើញថ្លែងក្នុងវេទិកា (រូបថត៖ VOV) |
វេទិកានេះជាគំនិតផ្ដួចផ្ដើមរបស់សម្ព័ន្ធសមាគមនារីវៀតណាម សមាគមនារីឡាវ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សហការរៀបចំ។ថ្លែងមតិនៅវេទិកានេះ ប្រធានគណៈកម្មការចលនាមហាជនមជ្ឈិម លោកស្រី Bui Thi Minh Hoai បានអះអាងថា ស្ត្រីសហគ្រិន គឺជាកម្លាំងមិនអាចកាត់ផ្តាច់បានក្នុងយុទ្ធសាស្ត្រកំណើនបៃតង រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកំណើនប្រកបដោយចីរភាព។ ដូច្នេះ ការលើកកម្ពស់តម្លៃដើមនៃអ្នកដឹកនាំធុរកិច្ចស្ត្រី ការលើកកម្ពស់សហគមន៍ស្ត្រីសហគ្រិន ដែលប្តេជ្ញាបង្កើតផលិតផល និងសេវាកម្មបៃតងប្រកបដោយគុណតម្លៃ និងការទទួលខុសត្រូវចំពោះបរិស្ថាន មានឥទ្ធិពលវិជ្ជមានលើបរិស្ថានក្នុងបរិបទបច្ចុប្បន្ន។
“ដើម្បីលើកកម្ពស់បន្ថែមទៀតនូវសក្ដានុពល និងប្រៀបខ្លាំងរបស់ស្ត្រី ជាពិសេសស្ត្រីសហគ្រិននៃប្រទេសទាំងបី ខ្ញុំសូមស្នើឲ្យសមាគមនារីនៃប្រទេសទាំងបី ធ្វើការសម្របសម្រួលយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ក្នុងការឃោសនា ប្រមូលផ្តុំ លើកកម្ពស់ការយល់ដឹង និងគាំទ្រសមាជិក និងស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ អនុវត្តតួនាទីតភ្ជាប់ស្ត្រីសហគ្រិន ជាមួយរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរវាងស្ត្រីសហគ្រិន នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ”។
ចូលរួមក្នុងវេទិកានេះ ប្រធានសមាគមនារីឡាវ លោកស្រី Aly Vongnorbountham មានប្រសាសន៍ថា ការបង្កើតកម្លាំងសេដ្ឋកិច្ចសម្រាប់ស្ត្រីក្នុងការផ្សារភ្ជាប់ជាមួយនឹងបរិស្ថាននឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូល ការងារមានស្ថេរភាពសម្រាប់ស្ត្រី និងកាត់បន្ថយវិសមភាពរវាងបុរស និងស្ត្រី។
ចែករំលែកក្នុងវេទិកានេះ លោកស្រី គង់ សូរីតា រដ្ឋលេខាធិការក្រសួងនារីកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវដំណាក់កាលទី ១ នៃយុទ្ធសាស្ត្រមន្ទីរបញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារ។ ស្ត្រីគឺជាអាទិភាពក្នុងរបៀបវារៈនយោបាយ។ ទន្ទឹមនឹងនោះ ក្នុងសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអប់រំ លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រីឱ្យមានអារម្មណ៍សុវត្ថិភាព និងបានការពារ៕