សេតវិមាន៖ កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងលើកកំពស់ទំនាក់ទំនងត្រីភាគី
(VOVWORLD) - អ្នកសម្របសម្រួលទទួលបន្ទុកការផ្សព្វផ្សាយយុទ្ធសាស្រ្តនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិករបស់សេតវិមាន លោក John Kirby កាលពីថ្ងៃទី ១៦ ខែសីហា បានប្រកាសថា កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នាពេលខាងមុខនេះនឹងលើកកំពស់កិច្ចសហប្រតិបត្តិការត្រីភាគីឱ្យឡើងដល់កម្រិតខ្ពស់ថ្មី។
មេដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងក្នុងកិច្ចប្រជុំកំពូលG7។ រូបថត៖ AFP/TTXVN |
មេដឹកនាំនៃប្រទេសទាំងបីក៏នឹងផ្តោតការពិភាក្សាអំពីវិធីរៀបចំទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បានអះអាងថា កិច្ចប្រជុំកំពូលអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងនាពេលខាងមុខនឹងផ្តល់គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ដើម្បីរក្សាភាពជឿនលឿនក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងបី។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលបានប្រព្រឹត្តិទៅនៅវិទ្យាស្ថាន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Campbell បានឲ្យដឹងថា ទំនាក់ទំនងរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនឹងជា "ទំនាក់ទំនងត្រីភាគីដ៏សំខាន់បំផុតសម្រាប់សតវត្សទី ២១" ។
មុននេះ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលអាមេរិកបានបង្ហើបថា កិច្ចប្រជុំកំពូលនាពេលខាងមុខនឹងបង្ហាញពីគំនិតផ្តួចផ្តើមរួមគ្នាស្តីពីបច្ចេកវិទ្យានិងការពារជាតិ។ តាមផែនការ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចូលរួមជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅ Camp David រដ្ឋ Maryland នៅទី ១៨ ខែសីហា៕