ស្ថានភាពជំងឺកូវីដ ១៩ នៅលើពិភពលោកនៅតែវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញណាស់
(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែឧសភានេះ នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ ១៩ ចំនួន ១៦៣.១ លានករណី និងមានអ្នកស្លាប់ច្រើនជាង ៣,៣៨ លាននាក់។
នៅឥណ្ឌាដែលជាចំណុចក្តៅបំផុតនៃជំងឺរាតត្បាត ស្ថានភាពកំពុងមានស្ថេរភាព ហើយរដ្ឋាភិ បាលប្តេជ្ញាធ្វើការដើម្បីនាំមកនូវស្ថេរភាពបន្ថែមទៀត។ រដ្ឋជាច្រើនដែលធ្លាប់ជាចំណុចកណ្តាលនៃការរីករាលដាល ដូចជា Maharashtra, Gujarat, Delhi, Haryana និង Madhya Pradesh ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃអត្រាករណីឆ្លងកូវីដ-១៩។ រហូតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងកូវីដ -១៩ ច្រើនជាង ២៤.៦ លានករណី ដែលជាអត្រាខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
នៅអាមេរិកឡាទីន គុយបា នៅថ្ងៃទី ១៥ ខែឧសភាបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន១.៣៨៣ ករណី ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីជំងឺកាច់សាហាវនេះត្រូវផ្ទុះឡើង ហើយអ្នកជំងឺចំនួន ១១ នាក់បានស្លាប់។ រដ្ឋធានីឡាហាវ៉ា គឺជាតំបន់ដែលមានអត្រាឆ្លងខ្ពស់បំផុតនៅក្នុងប្រទេស។ នាយកទីភ្នាក់ងារអនាម័យនិងរោគរាតត្បាតជាតិនៃប្រទេសគុយបា លោក Francisco Duran បានវាយតម្លៃថា ប្រទេសនេះកំពុងប្រឈមនឹង “រោគរាតត្បាតដែលស្មុគស្មាញបំផុត”។
ក្នុងពេលជាមួយគ្នានោះ នៅឥណ្ឌូនេស៊ី ចំនួនករណីឆ្លងកូវីដ-១៩ នៅតែបន្តកើនឡើង។ នៅថ្ងៃទី ១៥ ខែឧសភា ឥណ្ឌូនេស៊ីបានបើកយុទ្ធនាធ្វើតេស្តិ៍ដោយចៃដន្យត្រួតពិនិត្យដោយចាប់បង្ខំសម្រាប់អ្នកដែលវិលត្រឡប់មកទីក្រុងវិញ បន្ទាប់ពីអំឡុងពេលសម្រាកតមអាហារ Idul Fitri របស់ប្រជាជនអ៊ីស្លាម។ ការធ្វើតេស្តដោយចៃដន្យនឹងត្រូវធ្វើឡើងនៅទីតាំងចំនួន ២១ សម្រាប់អ្នកដំណើរដែលធ្វើដំណើរមកដល់រដ្ឋធានីហ្សាការតាពីបណ្តាខេត្តនានានៅលើកោះ Java៕