ស្ថាន​ភាពតានតឹងអ៊ីរ៉ង់-អ៊ីស្រាអែល៖ អ៊ីរ៉ង់បានប្រកាសបញ្ចប់ការវាយប្រហារ ដោយអំពាវនាវឱ្យអ៊ីស្រាអែលមិន​តបតវិញ​

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកMohammad Bagheri បានប្រកាសថា ការវាយប្រហាររបស់ប្រទេសនេះសំដៅទៅលើទឹកដីអ៊ីស្រាអែល “បានសម្រេចគោលដៅហើយ”។ លោក Bagheri បានបញ្ជាក់ថា អ៊ីរ៉ង់គ្មានចេតនាបន្តការវាយប្រហារទៅលើអ៊ីស្រាអែលនោះទេ។ សកម្មភាពតបតវិញរបស់អ៊ីស្រាអែលនឹងនាំឲ្យមានការឆ្លើយតប "កាន់តែសាហាវជាង" ពីភាគីអ៊ីរ៉ង់។

ប្រតិកម្មទៅនឹងការវិវឌ្ឍថ្មីបំផុតនៅមជ្ឈិមបូព៌ា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdel Latif Rashid កាលពីថ្ងៃទី ១៤ មេសា បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង ហើយបានសង្កត់ធ្ងន់ថា ចំបាច់ត្រូវរាំងស្កាត់ជម្លោះមិនឱ្យរីករាលដាល។

ស្ថាន​ភាពតានតឹងអ៊ីរ៉ង់-អ៊ីស្រាអែល៖ អ៊ីរ៉ង់បានប្រកាសបញ្ចប់ការវាយប្រហារ ដោយអំពាវនាវឱ្យអ៊ីស្រាអែលមិន​តបតវិញ​ - ảnh 1ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីស្ទាក់ចាប់ UAV និងមីស៊ីលពីប្រទេសអ៊ីរ៉ង់នៅយប់ថ្ងៃទី ១៣ ខែមេសា។ រូបថត៖ THX/TTXVN

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃទី ១៤ ខែមេសា បានប្រកាសថា អាមេរិកមិនមានបំណងចង់ធ្លាក់ចូលជម្លោះជាមួយអ៊ីរ៉ង់ទេ ហើយអាមេរិកមិនស្វែងរកសង្រ្គាមរីករាលដាលនៅក្នុងតំបន់នោះទេ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដោយព្រមានអំពី "ការបង្ករឿងហេតុដ៏គ្រោះថ្នាក់ ដែលមានហានិភ័យបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា"។

នារសៀលថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយផ្តោតលើការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែមេសា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានចាត់ទុកថា បញ្ហាបន្ទាន់នៅពេលនេះ គឺត្រូវជៀសវាងរាល់សកម្មភាពដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាក្នុងទ្រង់ទ្រាយធំ នៅលើសមរភូមិជាច្រើននៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ