សា្ថនភាពនៃជំងឺរាតត្បាត Covid-19 នៅបណ្តាប្រទេសនានានៅលើពិភពលោក
(VOVWORLD) - រដ្ឋវ៉ាស៊ីនតោន(អាមេរិក) ទើបបានជូនដំណឹងអំពីករណីស្លាប់ទី ២ នៅសហរដ្ឋអាមេរិកដោយវីរុស SARS-CoV-2 ។ មុននោះ រដ្ឋវ៉ាស៊ីនតោនបានកត់ត្រាករណីស្លាប់ដំបូងកាលពីថ្ងៃទី ២៩ខែកុម្ភៈ ។
បុគ្គលិកមន្ទីរពេទ្យបញ្ជូនអ្នកជម្ងឺឆ្លងជំងឺរាតត្បាត Covid-19 ដោយរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុង Deagu ប្រទេសកូរ៉េខាងត្បូង (រូបថតៈ AFP / TTXVN) |
ក្នុងបរិបទដែលសហរដ្ឋអាមេរិកបានកត់ត្រាអ្នកឆ្លងវីរុស SARS-CoV-2 ប្រមាណ ៧០ នាក់ ហើយមជ្ឈដ្ឋានមន្ត្រីប្រទេសនេះ បានចាត់វិធានការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺនេះ ដែលក្នុងនោះមានការអំពាវនាវឱ្យប្រជាជនកុំទៅកាន់តំបន់ដែលកើតជំងឺរាតត្បាតនេះនៅប្រទេសអ៊ីតាលីនិងកូរ៉េខាងត្បូងផងដែរ។
គិតត្រឹមដល់ម៉ោង ១០៖៣០ កាលពីព្រឹកថ្ងៃទី ២ ខែមីនា ប្រទេសជប៉ុនមានអ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ៩៧១ នាក់ ដែលក្នុងនោះមានអ្នកក្នុងស្រុកចំនួន ២៥២ នាក់ ហើយមានអ្នកស្លាប់មានចំនួន ១២ នាក់ផងដែរ។ គួរបញ្ជាក់ថាជំងឺរាតត្បាតនេះ បានរីករាលដាលទៅកាន់ខេត្តក្រុងទាំង ២៥នៃប្រទេសជប៉ុន ដែលស្រូបយក ជាងពាក់កណ្តាលនៃចំនួនខេត្តទូទាំងប្រទេសនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសពីករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២ ដំបូងនៅប្រទេសឥណ្ឌូនេស៊ី។ ថ្លែងមតិទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២ ខែមីនា លោក Joko Widodo បានឲ្យដឹងថាមានករណីឆ្លងជំងឺរាតត្បាត Covid-19 ចំនួន២ដំបូងនៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីជួបទាក់ទងជាមួយពលរដ្ឋជប៉ុន។ ជនជាតិជប៉ុនរូបនេះត្រូវបានរកឃើញវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៧ ខែកុម្ភៈបន្ទាប់ពីចាកចេញពីប្រទេសឥណ្ឌូនេស៊ី។
គិតត្រឹមម៉ោង ១១៖ ៣០ នាថ្ងៃទី ២ ខែមីនា ទូទាំងពិភពលោក បានកត់ត្រាករណីឆ្លងជំងឺ រាតត្បាត Covid -19 ចំនួន ៨៩.០៦៨ នាក់ នៅប្រទេសនិងតំបន់ដីគោកទាំង ៦៧ ដែលក្នុងនោះប្រទេសចិនមានអ្នកឆ្លងជំងឺចំនួន ៨០.០២៦ នាក់៕