ស្ថានភាពមីយ៉ាន់ម៉ា និងបញ្ហាក្តៅនៅសម័យប្រជុំចង្អៀត AMM-៥៦
Pham Ha, Vo Giang - VOV ប្រចាំឥណ្ឌូនេស៊ី -  
(VOVWORLD) - ស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ា និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងក្របខ័ណ្ឌនៃយន្តការដឹកនាំដោយអាស៊ាន គឺជាប្រធានបទដែលបានលើកឡើងនៅក្នុងសម័យប្រជុំតូចចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-៥៦) ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១២ កក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំនេះ។
សម័យប្រជុំតូចចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Masurdi បានលើកឡើងថា ដល់ពេលហើយដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយ តាមនោះ ឈានទៅរកសន្តិភាពប្រកបដោយនិរន្តរភាព។ ប្រមុខការទូតឥណ្ឌូនេស៊ីរូបនេះបានសម្តែងការព្រួយបារម្ភអំពីការបន្ត និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានចាត់ទុកថា គួរលើកទឹកចិត្តឲ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធ៖ “ការសន្ទនានឹងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយ។ មានតែដំណោះស្រាយនយោបាយទេ ទើបអាចឈានទៅដល់សន្តិភាពយូរអង្វែង។ ទាក់ទងនឹងស្ថានភាពអំពើហឹង្សាបន្តកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា យើងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ថ្កោលទោសចំពោះអំពើហិង្សា ព្រោះវាមានសារៈសំខាន់បំផុតក្នុងការកសាងទំនុកចិត្ត ផ្តល់ជំនួយមនុស្សធម៌ និងការសន្ទនា”។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ដោយបានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ និងការតម្រង់ទិសសម្រាប់យន្តការដោយអាស៊ានបង្កើតឡើង រដ្ឋមន្ត្រីទាំងអស់បានវាយតម្លៃថា ក្នុងស្ថានភាពអស្ថិរភាព ភាពស្មុគស្មាញ និងហានិភ័យដែលអាចកើតមាននាពេលបច្ចុប្បន្ន អាស៊ានចាំបាច់ត្រូវរក្សានូវសាមគ្គីភាព ពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកឥរិយាបថសមស្រប; រក្សាវិធីសាស្រ្តអភិក្រមប្រកបដោយតុល្យភាព និងចុះសម្រុងគ្នាក្នុងទំនាក់ទំនងកិច្ចការបរទេស។ ក្រុមរដ្ឋមន្ត្រីបានអះអាងជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ដោយប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
ថ្លែងមតិក្នុងសម័យពិភាក្សា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានគាំទ្រអាស៊ានក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូ លើកទឹកចិត្តការចូលរួម និងការរួមចំណែករបស់ដៃគូក្នុងតំបន់ ព្រមទាំងគាំទ្រអាស៊ានក្នុងការកសាង សហគមន៍រួមគ្នា និងឆ្លើយតបនឹងបញ្ហាប្រឈមរួម។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានសង្កត់ធ្ងន់ថា ដៃគូត្រូវគោរពតួនាទីស្នូលរបស់អាស៊ានទាំងពាក្យសំដី និងសកម្មភាព រួមជាមួយអាស៊ានដើម្បីកសាងទំនុកចិត្ត បង្រួញគម្លាត និងរួមគ្នាជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយស្មោះស្មាក់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ការចរចា COC ដោយស្នើថា អាស៊ានគួរតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
បន្ទាប់ពីសម័យប្រជុំតូចចង្អៀតភ្លាមៗ រដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារដើម្បីចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាភាគីទី ៥១ នៃសន្ធិសញ្ញា។
Pham Ha, Vo Giang - VOV ប្រចាំឥណ្ឌូនេស៊ី