សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ពិភាក្សាលើបញ្ហាសំខាន់ៗ ជាច្រើន
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានបើក ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និបាត (រូបថត៖ Trong Phu/VOV) |
សន្និបាតលើកនេះ បានផ្តល់យោបល់លើរបាយការណ៍ និងគម្រោងទាក់ទងនឹងបញ្ហាសំខាន់ៗ មួយចំនួន ដូចជា៖ ស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆ្នាំ ២០២២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោងថវិការដ្ឋ ឆ្នាំ ២០២៣ និងផែនការថវិការដ្ឋរយៈពេល ៣ ឆ្នាំ គឺឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥; ទិសដៅផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ បន្តកសាង និងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
ប្រតិភូចូលរួមសន្និបាត (រូបថត៖ Trong Phu/VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាត់ទុកថា សន្និបាតលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការសម្រេចលើខ្លឹមសារសំខាន់ៗនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ ស្តីពីការបន្តកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀត ណាមក្នុងសម័យកាលថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែប្រកាន់ខ្ជាប់ខ្ជួននិងមានការច្នៃប្រឌិតក្នុងការអនុវត្តន៍និងអភិវឌ្ឍន៍សង្គមនិយមលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ ដោយបានជ្រើសរើសនិងស្រូបយកនូវតម្លៃសកលនៃមនុស្សជាតិអំពីនីតិរដ្ឋសង្គមនិយមរបស់វៀតណាម ដែលដឹកនាំដោយបក្សកុម្មុយនិស្ត សមស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិនិងសម្រេចបានលទ្ធផលនិងសមិទ្ធផលសំខាន់ៗជាច្រើន។
ទិដ្ឋភាពទូទៅនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ (រូបថត៖ Trong Phu/VOV) |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ “ប្រកាន់ខ្ជាប់នូវកម្មវិធីនយោបាយរបស់បក្ស រដ្ឋធម្មនុញ្ញរបស់រដ្ឋ សេចក្តីសម្រេចចិត្តនៃមហា សន្និបាតជាតិលើកទី១៣ របស់បក្ស និងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ដោយផ្តោតលើការពិភាក្សាឲ្យបានច្បាស់លាស់ និងបង្កើតការឯកភាពខ្ពស់ក្នុងបក្សទាំងមូល និងប្រជាជនទាំងមូលលើទស្សនៈ ការដឹកនាំ គោលដៅ និងភារកិច្ច និងដំណោះស្រាយសំខាន់ៗចាំបាច់ ត្រូវតែជ្រួតជ្រាប និងអនុវត្តន៍ឱ្យបានហ្មត់ចត់ ដើម្បីបង្កើតការផ្លាស់ប្តូរកាន់តែរឹងមាំក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។ ជាមួយគ្នានោះ ត្រូវជំរុញកំណែទម្រង់រដ្ឋបាល កំណែទម្រង់ប្រព័ន្ធច្បាប់; ការកសាងក្រុមកម្មាភិបាល និងបុគ្គលិក ប្រកបដោយសុចរិតភាព; ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានប្រកបដោយប្រសិទ្ធភាព”។
យោងតាមកម្មវិធី សន្និបាតនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២៕