សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥
(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានធ្វើសន្និសីទកាសែតដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងទី ៤៥ ដែលបានធ្វើឡើងនៅប្រទេសឡាវ។ អគ្គលេខាធិការ កៅ គឹមហួន បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ សម្រេចបានលទ្ធផលសំខាន់ៗ ដោយអនុម័តលើឯកសារចំនួន៩១។
លទ្ធផលសំខាន់ៗមួយចំនួន រួមមានការសន្យារបស់មេដឹកនាំអាស៊ានក្នុងការពង្រឹងការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងភាពធន់នឹងអាកាសធាតុ។ មេដឹកនាំអាស៊ានក៏បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងការទូតក្នុងតំបន់និងសារៈសំខាន់នៃថាមពលស្អាត ឌីជីថលភាវូបនីយកម្ម និងការចងសម្ព័ន្ធរវាងប្រជាជននិងប្រជាជន។ គំនិតផ្តួចផ្តើមជាក់លាក់រួមមានផែនការសកម្មភាពអាស៊ាន-ចិន ២០២៦-២០៣០ កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន-ឥណ្ឌា និងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
អគ្គលេខាធិការអាស៊ានប្រកាសលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥។ រូបថត៖ VOV។ |
ដោយសំដៅលើបញ្ហាមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ានឲ្យដឹងថា មេដឹកនាំអាស៊ានបានពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតដើម្បីជំរុញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា; សង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការអនុវត្តផែនការឯកភាព៥ចំណុច ដែលនៅតែជាឯកសារយោងសំខាន់សម្រាប់ការដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិកាអាស៊ានបានឲ្យដឹងថា បណ្តាមេដឹកនាំបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ដំណោះស្រាយសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ៕