សន្និសីទផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការសាសនារវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - នាថ្ងៃទី ៧ ខែមករា នៅទីក្រុងLong Xuyen ខេត្ត An Giang (វៀតណាម) គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមសហការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា បានរៀបចំសន្និសីទផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការសាសនារវាងវៀតណាមនិងកម្ពុជា។
លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម លោកជំទាវ Min Chandyneth អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា (រូបថត៖ vovworld.vn) |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមករា សន្និសីទនេះគឺជាឱកាសសម្រាប់តំណាងនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍និងមេរៀនជាក់ស្តែងក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនានៃប្រទេសនីមួយៗ។ តាមរយៈនោះលើកកម្ពស់ថែមទៀតនូវសមត្ថភាពគ្រប់គ្រង បង្កើនប្រសិទ្ធភាពក្នុងវិស័យសាសនា ដើម្បីរួមចំណែកដល់ការថែរក្សាស្ថេរភាពសង្គម កសាងនិងអភិវឌ្ឍប្រទេសជាតិទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា៖
« គណៈកម្មាធិការសាសនារដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា ព្រមទាំងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យសាសនា សំដៅរួមវិភាគទានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាផងដែរ។»៕