សន្និសិទស្តីពីការជំរុញនិងផ្សព្វផ្សាយទេសចរណ៍នៃក្រុមសហប្រតិបត្តិការរវាងខេត្តចំនួន ៨ “ភូមិភាគពាយ័ព្យបើកទូលាយ”
(VOVWORLD) - សន្និសីទនេះត្រូវបានប្រារព្ធឡើងនាថ្ងៃទី ៩ មេសា នៅទីក្រុង Can Tho ដែលស្ថិតក្នុងព្រឹត្តិការណ៍ “សប្តាហ៍ទេសចរណ៍វប្បធម៌ពាយ័ព្យឆ្នាំ ២០២៣” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមេសា នៅទីក្រុង Can Tho។
ខេត្តភាគពាយ័ព្យចំនួន ៨ បើកទូលាយប្រារព្ធ "សប្តាហ៍ទេសចរណ៍វប្បធម៌ភាគពាយ័ព្យឆ្នាំ ២០២៣" ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមេសា នៅទីក្រុង Can Tho (រូបថត៖ VOV) |
ក្នុងសន្និសីទនេះ តំណាងខេត្តចំនួន ៨ នៃ “ភាគពាយ័ព្យបើកទូលាយ” រួមមាន៖ Hoa Binh, Son La, Dien Bien, Lai Chau, Lao Cai, Yen Bai, Ha Giang និង Phu Tho បានណែនាំរៀងៗខ្លួន នូវទិដ្ឋភាពទូទៅនៃទេសភាពធម្មជាតិដ៏អស្ចារ្យ; ម្ហូបប្រពៃណីរបស់ជនជាតិភាគតិច; តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងដំណើរការកសាង និងការពារមាតុប្រទេសរបស់ប្រទេសជាតិ។ ខេត្តទាំង ៨ មានបំណងភ្ជាប់ទំនាក់ទំនងល្អជាមួយតំបន់ដីសណ្ដទន្លេមេគង្គ ដោយបង្កើតនូវដំណើរទេសចរណ៍ជាបន្តបន្ទាប់ និងខ្សែផលិតផលទេសចរណ៍ប្លែកៗក្នុងទម្រង់ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ខាងវិញ្ញាណ។
លោក Ha Van Thang ប្រធានមន្ទីរទេសចរណ៍ខេត្ត Lao Cai តំណាងប្រធានក្រុមកិច្ចសហប្រតិបត្តិការនៃខេត្តភាគពាយ័ព្យទាំង ៨ បានឲ្យដឹងថា៖ “យើងមានលក្ខខណ្ឌជាច្រើនដើម្បីអាចតភ្ជាប់ មិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងវិស័យវប្បធម៌ ឧស្សាហកម្ម និងពាណិជ្ជកម្មទៀតផង។ ពោលគឺ យើងអាចនាំវប្បធម៌ក្នុងតំបន់ ដូចជាការច្រៀង និងបទភ្លេងរបស់ប្រជាជនភាគខាងត្បូង តំបន់ទន្លេ ទៅកាន់ខេត្ត Lao Cai ឬយើងនឹងនាំក្រុមសិល្បៈជនជាតិនៃខេត្ត Lao Cai មកទីនេះដើម្បីជួបប្រាស្រ័យវប្បធម៌។ ពីទីនោះយើងអាចភ្ជាប់និងបង្កើតផលិតផល។ និយាយជារួម បើយើងនៅតំបន់ដីសណ្ដទន្លេ Cuu Long យើងអាចឮសំឡេងខ្លុយ របស់ជនជាតិ H'mong តំបន់ Sa Pa ។ ហើយផ្ទួយទៅវិញ នៅ Sa Pa យើងអាចស្តាប់តន្ត្រីប្រជាប្រិយ Don ca tai tu ផងដែរ”។
ក្នុងឱកាសនេះ គណៈចាត់តាំងបានបើកកន្លែងតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ប្រចាំតំបន់ និងរូបភាពនៃខេត្តចំនួន ៨ នៃ “តំបន់ភាគពាយ័ព្យបើកទូលាយ” ទីក្រុងហូជីមិញ និងទីក្រុង Can Tho ជាដើម៕