សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបពិភាក្សាជាន់ខ្ពស់រវាងវៀតណាមនិងឡាវ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ មករា បន្ទាប់ពីពិធីទទួលស្វាគមន៍និងកិច្ចពិភាក្សាមក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបពិភាក្សា។
ទិដ្ឋភាពនៃជំនួបពិភាក្សាជាន់ខ្ពស់ (រូបថត៖ VOV) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម នាយករដ្ឋមន្ត្រីទាំងពីររូបបានលើកឡើងថា អ្នកទាំងពីរបានជួបពិភាក្សាគ្នាដោយបើកចំហ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមក្នុងឱកាស នៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាខែមិថុនា ឆ្នាំ ២០២១ និងលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក្នុងខែសីហា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ត្រីវៀតណាមនិងលោកនាយករដ្ឋមន្ត្រីឡាវបានឯកភាពថា ប្រទេសទាំងពីរគួរតែជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ គាំទ្រគ្នាទៅវិញទៅមក ទន្ទឹមនឹងការទាញយកផលប្រយោជន៍ពីធនធានខាងក្រៅ រក្សាឯកភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ប្រទេសទាំងពីរជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងសមុទ្រ។ ភាគីទាំងពីរបានឯកភាពធ្វើការយ៉ាងជិតស្និទ្ធិដើម្បីបណ្តុះនូវប្រពៃណីនៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាក់ស្តែងរវាងប្រទេសទាំងពីរ។
ក៏នាព្រឹកថ្ងៃទី ៨ មករានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុចប៊ូតុងបើកឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ និងឡាវ - វៀតណាម ឆ្នាំ ២០២២។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៨ ក្នុងវិស័យសន្តិសុខ ព្រំដែន សេដ្ឋកិច្ច ធនាគារ អប់រំ សុខាភិបាល ថាមពលអគ្គិសនី៕