សន្និសីទអាស៊ាន៖ វៀតណាមស្នើដំណោះស្រាយអនុវត្តសសរស្តម្ភនៃយុទ្ធសាស្ត្រសហប្រតិបត្តិការមេគង្គ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ (AMM ៥៧) និងសន្និសីទពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) នាថ្ងៃទី ២៦ កក្កដា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ដូ ហ៊ុង វៀត បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុន លើកទី១៥ (MJC ១៥) និងសន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង លើកទី១២   (MKC ១២)។

សន្និសីទអាស៊ាន៖ វៀតណាមស្នើដំណោះស្រាយអនុវត្តសសរស្តម្ភនៃយុទ្ធសាស្ត្រសហប្រតិបត្តិការមេគង្គ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ដូ ហ៊ុង វៀត (រូបថត៖ VOV)

ថ្លែងមតិនៅសន្និសីទ MJC ១៥ អនុរដ្ឋមន្ត្រីលោក ដូ ហ៊ុង វៀត បានស្នើនូវដំណោះស្រាយដើម្បីអនុវត្តសសរស្តម្ភទាំង ៣ នៃយុទ្ធសាស្ត្រសហប្រតិបត្តិការ MJC សម្រាប់ដំណាក់កាលថ្មី។ ទីមួយគឺ លើកកម្ពស់សង្គមតភ្ជាប់តាមរយៈការអភិវឌ្ឍបណ្តាញដឹកជញ្ជូននិងភស្តុភារ តាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ទីពីរ ទាក់ទងនឹងឌីជីថលភាវូបនីយកម្ម ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រភពធនធានឌីជីថលប្រកបដោយគុណភាព ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាខ្ពស់ចំពោះឧស្សាហកម្ម។ ទី៣ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹកឆ្លងដែន ធានាសន្តិសុខស្បៀង និងថាមពល កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅសន្និសីទ MKC លើកទី១២ លោកអនុរដ្ឋមន្ត្រី ដូ ហ៊ុង វៀត បានស្នើរនូវអាទិភាពសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ។ ទីមួយ ជំរុញកំណើនបៃតងតាមរយៈការកៀងគរមូលនិធិ សម្រាប់គម្រោងបំប្លែងថាមពលស្អាត កាត់បន្ថយការបំភាយកាបូន កសិកម្មឆ្លាតវៃ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ទីពីរ ជំរុញដំណើរការផ្លាស់ប្តូរឌីជីថលនៃអនុតំបន់មេគង្គ ពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មអេឡិចត្រូនិក អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងដាក់ពង្រាយវេទិកាឌីជីថលមេគង្គ-កូរ៉េខាងត្បូង។ ទី៣ អភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង គម្រោងបណ្តុះបណ្តាល និងលើកកម្ពស់ជំនាញសម្រាប់កម្លាំងពលកម្មក្នុងអនុតំបន់មេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ