ស្បថចូលកាន់តំណែងជាផ្លូវការ ប្រធានាធិបតីអាមេរិក Joe Biden បានចេញសារអំពាវនាវឱ្យមានសាមគ្គីភាព

(VOVWORLD) -  ប្រធានាធិបតីអាមេរិក Joe Biden នៅពេលថ្ងៃ នាថ្ងៃទី ២០ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) បានស្បថចូលកាន់តំណែងជាផ្លូវការ។ បន្ទាប់មក លោក Biden បានថ្លែងសុន្ទរកថាដើមដំបូងក្នុងនាមជាប្រធានា ធិបតីលើកទី ៤៦ របស់សហរដ្ឋអាមេរិក ដោយមានសារអំពាវនាវឲ្យប្រជាជនសាមគ្គីគ្នា។

ស្បថចូលកាន់តំណែងជាផ្លូវការ ប្រធានាធិបតីអាមេរិក Joe Biden បានចេញសារអំពាវនាវឱ្យមានសាមគ្គីភាព - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្លែងក្នុងពិធីស្បថចូលកាន់ដំណែងនៅវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១  (រូបថត៖ PATRICK SEMANSKY/AP)

ពិធីស្បថចូលកាន់ដំណែងរបស់លោកប្រធានាធិបតី Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងបរិបទដែលមានការរឹតបន្តឹងសន្តិសុខហើយទ្រង់ទ្រាយនៃព្រឹត្តិការណ៍ក៏ត្រូវបង្រួញដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងអស្ថិរភាពសន្តិសុខ។ មានតែភ្ញៀវកិត្តយសប្រមាណ ១.០០០ នាក់ប៉ុណ្ណោះដែលបានចូលរួម បើប្រៀបធៀបនឹងចំនួន ២០០.០០០ នាក់កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមានកងឆ្មាំការពារជាតិអាមេរិក រហូតដល់ ២៥.០០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។បន្ទាប់ពីបានធ្វើសច្ចាប្រណិធានមក លោកស្រីអនុប្រធានាធិបតី Kamala Harris បានក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់សហរដ្ឋអាមេរិកនិងជាជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងដែលកាន់តំណែងនេះ។

ក្នុងពេលជាមួយគ្នានោះ ក្នុងសុន្ទរកថារបស់ខ្លួន បន្ទាប់ពីពិធីស្បថចូលកាន់ដំណែងមក លោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់ប្រជាជនអាមេរិកឱ្យមានភាពផ្សះផ្សានិងសាមគ្គីគ្នា នៅចំពោះមុខឧបសគ្គដែលអាមេរិកត្រូវប្រឈមមុខ៖ “ថ្ងៃនេះជាថ្ងៃរបស់សហរដ្ឋអាមេរិក។ នេញជាថ្ងៃនៃប្រជាធិបតេយ្យ ហើយក៏ជាថ្ងៃនៃប្រវត្តិសាស្ត្រនិងក្តីសង្ឃឹម ថ្ងៃនៃការបន្តនិងការប្តេជ្ញាចិត្ត។ ឆ្លងកាត់ប៉ុន្មានឆ្នាំកន្លងមកនេះ អាមេរិកត្រូវបានសាកល្បងម្តងទៀតហើយបានតស៊ូដើម្បីប្រឈមនឹងបញ្ហាសាកល្បងទាំងនោះ។ ថ្ងៃនេះយើងអបអរជ័យជំនះរបស់យើង មិនមែនជាជ័យជំនះរបស់បេក្ខជនមួយរូបនេះ តែជាដំណើរការប្រជាធិបតេយ្យទៀតសោត។ បំណងប្រាថ្នារបស់ប្រជាជនត្រូវបានស្តាប់និងទទួលបានការយកចិត្តទុកដាក់។ ជាថ្មីម្តងទៀត យើងដឹងថា ប្រជាធិបតេយ្យមានតម្លៃណាស់ ហើយប្រជាធិបតេយ្យក៏មានភាពស្តួចស្តើងដែរ។ យ៉ាងណាមិញ នៅពេលនេះ ប្រជាធិបតេយ្យបានឈ្នះ”។

ស្បថចូលកាន់តំណែងជាផ្លូវការ ប្រធានាធិបតីអាមេរិក Joe Biden បានចេញសារអំពាវនាវឱ្យមានសាមគ្គីភាព - ảnh 2លោក Joe Biden ស្បថចូលកាន់ដំណែងនៅវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១  (រូបថត៖ ANDREW HARNIK/AP)

ក្នុងបរិបទប្រទេសជាតិបច្ចុប្បន្ន លោកប្រធានាធិបតី Joe Biden បានយល់ដឹងថា នឹងមានការលំបាកក្នុងការផ្សះផ្សានូវការបែកបាក់ភ្លាមៗនៅក្នុងសង្គមអាមេរិក ប៉ុន្តែលោករូបនេះក៏បានចាត់ទុកថា មានតែសាមគ្គីភាពប៉ុណ្ណោះដែលអាចជួយអាមេរិក ឆ្លងកាត់រាល់ការលំបាកនាបច្ចុប្បន្ន៖

“ដោយមានសាមគ្គីភាព យើងអាចធ្វើអ្វីៗដែលអស្ចារ្យនិងសំខាន់។ យើងអាចកែកំហុស ហើយយើងអាចជួយឲ្យមនុស្សគ្រប់គ្នាអោយមានការងារល្អ ជាពិសេស យើងអាចធ្វើឱ្យប្រាកដថា ក្មេងៗទៅសាលារៀនដោយសុវត្ថិភាព។ យើងអាចឆ្លងកាត់ជំងឺរាតត្បាត យើងអាចស្ថាបនា យើងអាចកសាងវណ្ណៈកណ្តាល និងយើងអាចទទួលបានយុត្តិធម៌ជាតិសាសន៍ ហើយជាថ្មីម្តងទៀត នឹងធ្វើឱ្យអាមេរិកក្លាយជាកម្លាំងដឹកនាំនៅលើពិភពលោក”។

ទាក់ទងនឹងគោលនយោបាយការបរទេស ប្រធានាធិបតី Joe Biden សន្យាថា នឹងពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត ក៏ដូចជាបន្តចូលរួមដោះស្រាយបញ្ហាពិភពលោក។

ជាមួយគ្នានោះ មេដឹកនាំជាច្រើននៅលើពិភពលោកនិងអង្គការអន្តរជាតិ ដូចជានាយករដ្ឋមន្រ្តីជប៉ុន, នាយករដ្ឋមន្រ្តីឥណ្ឌា, នាយករដ្ឋមន្រ្តីប៉ាគីស្ថាន, នាយករដ្ឋមន្រ្តីអេស្ប៉ាញ, នាយករដ្ឋមន្រ្តីអ៊ីតាលី, ប្រធានា ធិបតីអាល្លឺម៉ង់, ប្រធាននៃគណៈកម្មការអឺរ៉ុប និងសម្តេចប៉ាប Francis បានបង្ហោះសារអបអរសាទរភ្លាមៗ ជូនដល់មេដឹកនាំអាមេរិកថ្មីទាំងពីរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមឬតាមរយៈខ្សែវីដេអូ។ មេដឹកនាំពិភពលោកព្រមទាំងបានសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាប្រឈមរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ