ស.ប.ប កូរ៉េ បន្តបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិក
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាដែលបានឲ្យដឹងថា៖ ស.ប.បកូរ៉េបានបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកមួយគ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងកើត ប៉ុន្តែការបាញ់បង្ហោះនេះហាក់ដូចជាបរាជ័យ។
JCS មិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ហើយបានឲ្យដឹងថា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើការវិភាគលើការបាញ់បង្ហោះនេះ។
ប្រជាជនកូរ៉េខាងត្បូងតាមដានព័ត៌មានអំពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា នៅស្ថានីយ៍សេអ៊ូលកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AP |
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា JCS បានឲ្យដឹងថា ផ្កាយរណបស៊ើបអង្កេតដែលស.ប.បកូរ៉េបាញ់បង្ហោះកាលពីមួយថ្ងៃមុន បានចូលទៅក្នុងតារាវិថីរបស់ភពផែនដី ប្រកបដោយជោគជ័យ។ មុននោះ ទីភ្នាក់ងារបច្ចេកវិទ្យាអវកាសជាតិស.ប.បកូរ៉េ បានប្រកាសថា បានបាញ់បង្ហោះមីស៊ីលប្រភេទថ្មីដែលមានឈ្មោះថា Chollima-1 ប្រកបដោយជោគជ័យ នាំយកផ្កាយរណបស៊ើបអង្កេត “Malligyong-1” ពីកន្លែងបាញ់បង្ហោះនៅស្រុក Cholsan ខេត្ត Phyongan ខាងជើង នៅវេលាម៉ោង ២២:៤២ នាទីថ្ងៃទី ២១ ខែវិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា ផ្កាយរណបស៊ើបអង្កេត Malligyong-1 នឹងចាប់ផ្តើមបេសកកម្មជាផ្លូវការចាប់ពីថ្ងៃទី ១ ខែធ្នូខាងមុខបន្ទាប់ពីដំណើរការកែសម្រួលអូសបន្លាយរយៈពេលពី ៧- ១០ ថ្ងៃ។
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងបានប្រឆាំងជំទាស់ភ្លាមមួយរំពិក ចំពោះកាយវិការពោលខាងលើរបស់ស.ប.ប កូរ៉េ ដោយចាត់ទុកថា ផ្កាយរណបត្រូវបានបាញ់បង្ហោះដោយបច្ចេកវិទ្យាមីស៊ីលប៉ាលីស្ទិក ដែលពួកគេចាត់ទុកថាជាការរំលោភលើសេចក្ដីសម្រេចទាក់ទិននានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានប្រកាសថានឹងមានសកម្មភាពតបតវិញ៕