ស.ប.ប.កូរ៉េ បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចអន្តរកូរ៉េ

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង សម័យប្រជុំពេញអង្គលើកទី៣០ នៃគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលស.ប.ប.កូរ៉េ លើកទី១៤ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងព្យុងយ៉ាង រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

កិច្ចប្រជុំនេះបានអនុម័តលើសំណើលុបចោល "ច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចខាងជើង-ខាងត្បូង" "ច្បាប់តំបន់ទេសចរណ៍អន្តរជាតិភ្នំ Kumgang " ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចខាងជើង-ខាងត្បូង។

ច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចខាងជើង-ខាងត្បូងត្រូវបានអនុម័តក្នុងឆ្នាំ ២០០៥ ដោយកំណត់ប្រធានបទ និងនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងស.ប.ប.កូរ៉េ និងកូរ៉េខាងត្បូង។ ជាមួយនឹងសេចក្តីព្រាងច្បាប់គ្មានសុពលភាព ស.ប.ប.កូរ៉េនឹងលែងបង្កើតនីតិវិធីដាច់ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរកូរ៉េទៀតឡើយ។ ច្បាប់តំបន់ទេសចរណ៍អន្តរជាតិភ្នំ Kumgang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយគ្រប់គ្រងខ្លឹមសារពាក់ព័ន្ធសម្រាប់ធុរកិច្ចនិងបុគ្គលរបស់កូរ៉េខាងត្បូងឬបរទេស ក្នុងការវិនិយោគនៅតំបន់ពិសេសភ្នំ Kumgang ។

លើសពីនេះទៅទៀត ស.ប.ប.កូរ៉េក៏បានលុបចោលជាឯកតោភាគីរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ដោយបង្ហាញពីឆន្ទៈរបស់ខ្លួន មិនមានបំណងចង់ដោះប្តូរសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ