ស.ប.បកូរ៉េបញ្ជាក់ពីការបាញ់បង្ហោះមីស៊ីល ICBM Hwasong-១៨ ខណៈដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំបន្ទាន់
(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ ស.ប.ប កូរ៉េ បានបញ្ជាក់ថា មីស៊ីលដែលខ្លួនបានបាញ់បង្ហោះកាលពីមួយថ្ងៃមុន គឺជាមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-១៨។ កាយវិការនេះ បានកើតឡើងចំពេលដែលកូរ៉េខាងត្បូង អាមេរិក និងជប៉ុនចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធចែករំលែកទិន្នន័យព្រមានមីស៊ីលតាមពេលវេលាជាក់ស្តែង។
មីស៊ីល Hwasong-១៨ របស់ស.ប.បកូរ៉េ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៨ ខែធ្នូ។ រូបថត៖ រ៉យទ័រ |
យោងតាមប្រព័ន្ធផ្សព្វផ្សាយកណ្តាលស.ប.បកូរ៉េ មេដឹកនាំស.ប.ប កូរ៉េលោក Kim Jong Un បានតាមដានការបាញ់សាកល្បងមីស៊ីល Hwasong-១៨ នៅទីតាំងមួយនៅភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។ ភាគីកូរ៉េខាងជើងបានអះអាងថា ការបាញ់បង្ហោះមីស៊ីលនេះ បានបញ្ជូនសញ្ញាច្បាស់លាស់នៃការឆ្លើយតបដ៏តឹងរ៉ឹងបំផុតរបស់ស.ប.បកូរ៉េ ចំពោះរាល់ការបង្ករឿងហេតុណាមួយ។ មុននោះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសការបាញ់បង្ហោះមីស៊ីលរបស់ស.ប.បកូរ៉េ ដោយបានរិះគន់ថា នេះជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ តាមសំណើរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីបញ្ហាស.ប.បកូរ៉េ។ នេះជាលើកទី៥ហើយ នៅក្នុងឆ្នាំនេះ ដែលស.ប.បកូរ៉េ បានបាញ់មីស៊ីលអន្តរទ្វីប ដែលជាចំនួនខ្ពស់បំផុតនៃការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ក្នុងរយៈពេលមួយឆ្នាំ៕