សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅពិធី។ (រូបថត៖ VNA) |
ក្រោយរយៈពេល ៣០ ឆ្នាំនៃការចាប់បដិសន្ធិនិងការអភិវឌ្ឍ ពីក្លឹបសហគ្រិនវ័យក្មេងដែលបានបង្កើតឡើងដោយមានសមាជិកដំបូងចំនួន ១៥ នាក់តែប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងវៀតណាមមានសាខានៅខេត្ត ក្រុងទាំង៦៣ ដែលមានស ហគ្រិនវ័យក្មេងជាសមាជិកជិត ១៩ ពាន់នាក់។
អញ្ជើញថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ជួរសហគ្រិន និងសហគមសហគ្រាសវៀតណាមគឺជាកម្លាំងផលិតសម្ភារៈស្នូលនៃសេដ្ឋកិច្ចវៀតណាម ជាកត្តាមួយក្នុងចំណោមកត្តាគន្លឹះដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្ម បង្កើតរបកគំហើញក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបន្តរួមដំណើរនិងជួយឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងវៀតណាមដើម្បីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ទាក់ទងនឹងសហគមន៍សហគ្រាស និងសហគ្រិនវ័យក្មេង លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យពង្រីកជាអតិបរមានូវ “កម្លាំងយុវវ័យ” ថាមវន្ត ភាពច្នៃប្រឌិត ស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លាយ; ការត្រួសត្រាយក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន នវានុវត្តន៍ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង។ សិក្សារៀនសូត្រដោយឥតឈប់ឈរ និងបំពាក់បំប៉នខ្លួនឯងនូវចំណេះដឹង លក្ខខណ្ឌ និងឫទ្ធានុភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ឈានដល់កម្រិតតំបន់ និងអន្តរជាតិ៕