សម្ព័ន្ធសមាគមនារីវៀតណាមបានអនុវត្តសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) នាថ្ងៃទី ៥ មីនានេះ នៅខេត្ត Dien Bien សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីអុជធូបរំលឹកដល់វិញ្ញាក្ខ័ន្ធវីរជន និងយុទ្ធជនពលីនៅទីតាំងប្រវត្តិសាស្ត្រក្នុងខេត្ត Dien Bien; តបស្នងសងគុណចំពោះការខិតខំប្រឹងប្រែង និងការរួមវិភាគទានដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាម ដែលបង្កើតឡើងជ័យជំនះ Dien Bien Phu។
លោកស្រី Nguyen Thi Minh Huong អនុប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ស្ត្រីទូទាំងប្រទេសផ្តោតអារម្មណ៍ទៅកាន់ទីក្រុង Dien Bien។ យើងមានសកម្មភាពជាច្រើននៅទីក្រុង Dien Bien Phu ជាមួយកម្មវិធីជំនួបប្រាស្រ័យពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន សកម្មភាពសន្តិសុខសង្គមនៅឃុំចំនួន៥ រៀបចំពិធីប្រគល់ផ្ទះមេត្តាធម៌ដល់សមាជិកស្ត្រីក្រីក្រនៅខេត្ត Dien Bien”។
ការតាំងពិព័រណ៌រូបថត “ស្ត្រីជាមួយ Dien Bien” ។ រូបថត៖ Xuân Tư/TTXVN |
ក្នុងឱកាសនេះ សម្ព័ន្ធសមាគមនារីវៀតណាមបានប្រគល់អំណោយ និងថវិកាជិត ៥០០កញ្ចប់ ជូនដល់អ្នកម្តាយយុទ្ធជន គ្រួសារគោលនយោបាយ ស្ត្រីក្រីក្រ និងស្ត្រីជួបការលំបាក។ នាយប់នេះផងដែរ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំកម្មវិធីជំនួបប្រាស្រ័យពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន នៅទីលាន ៧ឧសភា ទីក្រុង Dien Bien Phu។
មុននោះ នារសៀលថ្ងៃទី ៤ មីនា នៅវិមានជ័យជំនះ Dien Bien Phu សារមន្ទីរនារីវៀតណាមបានធ្វើជាអធិបតី និងសម្របសម្រួលជាមួយសម្ព័ន្ធសមាគមនារីវៀតណាម និងសម្ព័ន្ធសមាគមនារីខេត្ត Dien Bien បើកពិធីបើកការតាំងពិព័រណ៌រូបថត “ស្ត្រីជាមួយ Dien Bien”៕