សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ សម្រេចរួចរាល់របៀបវារៈដោយមានខ្លឹមសារសំខាន់ៗជាច្រើន
(VOVWORLD) - នៅក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានសម្រេចរួចរាល់របៀបវារៈដោយមានខ្លឹមសារសំខាន់ៗជាច្រើន។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងពិធីបិទសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ Van Diep/VNA) |
ក្រៅពីការងារនីតិប្បញ្ញត្តិ និងការឃ្លាំមើល រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តដ៏សំខាន់ៗជាច្រើន ជាពិសេសគឺសេចក្ដីសម្រេចចិត្តនានាពាក់ព័ន្ធផ្ទាល់ដល់ដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ដោយអះអាងថា រាល់សេចក្តីសម្រេចចិត្តដែលរដ្ឋសភាចេញផ្សាយគឺជាដំណោះស្រាយជាក់ស្ដែង និងប្ដូរផ្ដាច់ក្នុងបរិបទបច្ចុប្បន្ននេះ សមាជិការដ្ឋសភា Ho Thi Kim Ngan មកពីគណៈប្រតិភូរដ្ឋសភាខេត្ត Bac Can បានឲ្យដឹងថា៖ “រាល់ខ្លឹមសារ និងដំណោះស្រាយ ដែលត្រូវបានរដ្ឋសភាលើកយកមកពិភាក្សា និង បោះឆ្នោតអនុម័តគឺជាដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ សំខាន់ៗ ហើយជាការប្ដេជ្ញាចិត្តខ្ពស់របស់ស្ថាប័នមជ្ឈឹម ក្រសួង ស្ថាប័ន។ ឯកសារ និងខ្លឹមសារណា ដែលចាំបាច់ត្រូវមានឯកសារកំណត់ឲ្យបានច្បាស់លាស់ គឺត្រូវអនុវត្តន៍យ៉ាងឆាប់ៗ ហើយខ្លឹមសារណា ដែលត្រូវការសម្របសម្រួលនោះ គឺស្ថាប័នពីមជ្ឈឹមដល់មូលដ្ឋានចាំបាច់ត្រូវអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងឆាប់រហ័សជាង ដើម្បីធានាកម្មវិធីស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្លើយតបនឹងតម្រួវការរបស់រដ្ឋសភា ដែលបានដាក់ចេញ និងអនុម័តផងដែរ”។
ចំណេកឯសមាជិការដ្ឋសភា Nguyen Phuong Thuy មកពីគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយបានឲ្យដឹងថា៖ “ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានធ្វើការសម្រេចចិត្តលើគម្រោងវិនិយោគដ៏សំខាន់ៗ ដែលមានអត្ថន័យដ៏ធំធេងក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាបន្តរបស់ប្រទេសជាតិ។ ដោយមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ការស្រុះចិត្តគំនិត និងគាំទ្ររបស់រដ្ឋសភា ខ្ញុំសង្ឈឹមថាគម្រោងទាំងនេះនឹងត្រូវបានអនុវត្តន៍ត្រូវតាមល្បឿនកំណត់។ នាពេលខាងមុខ រដ្ឋសភាក៏នឹងធ្វើការឃ្លាំមើលជាប្រចាំ ដើម្បីអនុវត្តន៍ជាក់ស្ដែងគម្រោងទាំងនេះប្រកបដោយប្រសិទ្ធភាពផងដែរ”៕