សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយ៖ លើកកំពស់សិទ្ធិចូលរួមរបស់កុមារ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ កញ្ញា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ” លើកទី ១ ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងតំណាងកុមារគំរូចំនួន ២៦៣ នាក់មកពីខេត្ត-ក្រុងទាំង៦៣លើទូទាំងប្រទេស។

សម័យប្រជុំសម្មតិកម្ម ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV)

កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងដើម្បីលើកកម្ពស់សិទ្ធិកុមារក្នុងការចូលរួមក្នុងបញ្ហាទាក់ទងនឹងកុមារ។ សកម្មភាពនេះជួយកុមារឱ្យទទួលបានបទពិសោធន៍ និងស្វែងយល់អំពីក្បាលម៉ាស៊ីននៃស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនោះគឺរដ្ឋសភា ព្រមទាំងបន្តបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចំពោះការការពារ ថែទាំ និងអប់រំកុមារផងដែរ។

នៅក្នុងសម័យប្រជុំនេះ តំណាងកុមារបានពិភាក្សា និងសួរដេញដោលលើបញ្ហាចំនួនពីររួមមាន៖ ការបង្ការទប់ស្កាត់នឹងគ្រោះថ្នាក់បង្កស្នាមរបួស អំពើហិង្សា និងការរំលោភបំពានលើកុមារ; ការការពារកុមារក្នុងការប្រាស្រ័យទាក់ទងប្រកបដោយភាពស្អាតស្អំ និងភាពច្នៃប្រឌិតនៅលើបរិយាកាសអនឡាញ។

សម័យប្រជុំសម្មតិកម្ម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ 

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងការចាប់អារម្មណ៍ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់តំណាងកុមារដែលបានចូលរួមសម័យប្រជុំសម្មតិកម្មលើកនេះ។ លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖

“ការបង្ហាញយ៉ាងល្អរបស់ក្មួយៗថ្ងៃនេះ បានសរឲ្យឃើញថា គំរូសម័យប្រជុំរដ្ឋសភាសម្មតិកម្ម គឺជាគំរូដ៏មានអត្ថន័យ និងមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការចូលរួមរបស់កុមារក្នុងសកម្មភាពនយោបាយសង្គម រួមចំណែកធានាសិទ្ធិ និងផលប្រយោជន៍របស់កុមារ ជួយកុមារឱ្យក្លាយជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងមានសមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត។ មតិយោបល់ពិភាក្សារបស់ក្មួយៗ ជាពិសេស សេចក្ដីសម្រេចចិត្តនៃសម័យប្រជុំសម្មតិកម្មនេះ ក៏ជាមូលដ្ឋានសម្រាប់រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការ អង្គការមហាជននានា យកមកស្រាវជ្រាវ ទទួលយក ដើម្បីមានការត្រៀមរៀបចំកាន់តែប្រសើរឡើងក្នុងដំណើរការចេញផ្សាយគោលនយោបាយច្បាប់ស្តីពីបញ្ហាពាក់ព័ន្ធដល់កុមារ”។

ដើម្បីបន្តអនុវត្តន៍ការងារការពារ ថែទាំ និងអប់រំកុមារឲ្យកាន់តែល្អថែមទៀត លោកប្រធានរដ្ឋសភាបានស្នើឲ្យបណ្ដាស្ថាប័នរដ្ឋសភា សមាជិករដ្ឋសភា និងអង្គការនយោបាយសង្គម បង្កើនការត្រួតពិនិត្យការអនុវត្តសិទ្ធិកុមារ និងបទប្បញ្ញត្តិច្បាប់ស្តីពីការថែទាំ ការអប់រំ និងការការពារកុមារ ជាពិសេសកុមារកំព្រា កុមារពិការ កុមារជនជាតិភាគតិច និងកុមារជាកូនចៅរបស់កម្មករ ពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ