សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទី២ មានខ្លឹមសារថ្មីៗជាច្រើន
(VOVWORLD) - សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅទីក្រុងហាណូយ ដោយមានខ្លឹមសារ និងទម្រង់ថ្មីជាច្រើន។
ប្រតិភូបានថតរូបអនុស្សាវរីយ៍ក្នុងកម្មវិធី (រូបថត៖ VOV) |
នេះជាព័ត៌មានដែលបានប្រកាសនៅក្នុងកិច្ចប្រជុំសារព័ត៌មាន ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក្រុមប្រឹក្សាសហភាពយុវជនមជ្ឈិម សម្របសម្រួលជាមួយគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា និងការិយាល័យរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងហាណូយ។
សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" គឺជាវេទិកាមួយសម្រាប់កុមារដើម្បីបញ្ចេញសំឡេង គំនិត និងសេចក្តីប្រាថ្នារបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ អនុវត្តសកម្មភាពនយោបាយ ដើម្បីបំផុសក្តីសុបិន និងកសាងមហិច្ឆតាដ៏ធំសម្រាប់កុមារ។ នេះក៏ជាគំរូប្រតិបត្តិការថ្មីមួយដែលលើកកម្ពស់សិទ្ធិរបស់កុមារក្នុងការចូលរួមក្នុងបញ្ហាទាក់ទងនឹងកុមារ មានលក្ខណៈសមស្របសម្រាប់ចិត្តសាស្ត្រ និងសមត្ថភាពរបស់កុមារ និងបង្កើតលក្ខខណ្ឌសម្រាប់កុមារក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងការបញ្ចេញមតិ ទស្សនៈ ការយល់ឃើញ និងការចូលរួម នៅក្នុងដំណើរការធ្វើការសម្រេចចិត្តលើបញ្ហាទាក់ទងនឹងកុមារ។
សម័យប្រជុំ "រដ្ឋសភាកុមារ" ឆ្នាំនេះ មានការចូលរួមពីប្រតិភូចំនួន ៣០៦ នាក់ ដែលជាសមាជិកក្រុមកុមារឆ្នើមមកពី ៦៣ ខេត្តក្រុងទូទាំងប្រទេស។ លេខាសម្ព័ន្ធយុវជនមជ្ឈិម Nguyen Pham Duy Trang បានឲ្យដឹងថា៖ “ឆ្នាំនេះ កុមារនឹងទទួលបទពិសោធន៍ពីសកម្មភាពរបស់រដ្ឋសភាកាន់តែច្រើន និងស្វែងយល់ពីរបៀបបើកសម័យប្រជុំរដ្ឋសភា។ ពួកគេក៏បានចូលរួមក្នុងការពិភាក្សាជាក្រុម និងបានចូលរួមក្នុងទម្រង់ថ្មីទាំងស្រុងនៃវគ្គសួរសំណួរ និងចម្លើយ។ នៅចុងបញ្ចប់នៃរយៈពេលសំណួរនីមួយៗ សម្រាប់ក្រុមប្រធានបទនីមួយៗ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និងក្រសួងសុខាភិបាល នឹងឆ្លើយសំណួរទាំងនោះ”៕