សារជូនពរឆ្នាំថ្មី ឆ្នាំសកល២០១៩ របស់ថ្នាក់ដឹកនាំនៅទូទាំងពិភពលោក

(VOVWORLD) -  នាថ្ងៃទី ៣០ ខែធ្នូ ប្រធានាធិ បតីរុស្ស៊ីលោក Vladimir Putin បានផ្ញើលិខិតជូន ពរឆ្នាំថ្មី ឆ្នាំសកល២០១៩ ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនជុំវិញពិភពលោក និងប្រមុខអង្គការអន្តរជាតិមួយចំនួន។

ក្នុងសារជូនពរ ជូនចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខនិងស្ថិរភាពរបស់ពិភពលោក។ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានអះអាងសាជាថ្មី នូវឆន្ទៈរបស់ទីក្រុងម៉ូស្គូក្នុងការបន្តកិច្ចសន្ទនាអំពី “របៀបវារៈលើទ្រង់ទ្រាយបើកទូលាយមួយ”។

ក្នុងសារជូនពរនូវសុខភាពល្អបរិបូណ៍ សុភមង្គល ជោគជ័យនិងវិបុលភាព ជូនចំពោះ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រជាជនចិន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានលើកកម្ពស់នូវទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើជំនឿទុកចិត្តនិងទំនាក់ទំនងជាយុទ្ធសាស្រ្ត រវាងរុស្ស៊ីនិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏វិជ្ជមាន។

ក្នុងសារលិខិតផ្ញើរដោយឡែកជូនទៅកាន់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ប្រធានាធិបតីរុស្ស៊ីបានសន្យាបន្តគាំទ្ររដ្ឋាភិបាលនិងប្រជាជននៃប្រទេសមជ្ឈិមបូព៌ានេះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទន្ទឹមជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានអបអរសាទរជូនចំពោះថ្នាក់ដឹកនាំនៃអង្គការអន្ដរជាតិជាច្រើន ក្នុងនោះមានអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងគណៈ កម្មា ធិការអូឡាំពិកអន្តរជាតិ (IOC) ផងដែរ។

នាថ្ងៃទី ៣០ ខែធ្នូ ក្នុងសុន្ទរកថាថ្លែងនាឱកាសស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវអោយប្រជាជនសាមគ្គីគ្នា សហប្រតិបត្តិការ ដើម្បីឆ្លងផុតរាល់ការខ្វែងគំនិតខាងនយោបាយយ៉ាងជ្រាលជ្រៅ។ លោកស្រីអធិការបតី Angela Merkel បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់នឹងឆ្ពោះទៅរក “ដំណោះស្រាយជា សកល” ក្នុងអំឡុងពេលដែលអាល្លឺម៉ង់បានចាប់ផ្តើមកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិពីរឆ្នាំ ពោលគឺពីថ្ងៃទី១ខែមករាឆ្នាំ២០១៩នេះតែម្តង។

ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានផ្ញើរសារនៃការផ្សះផ្សាទៅកាន់ ធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងបរិបទដែល រាល់កិច្ចចរចានុយក្លេអ៊ែររវាងក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោនកំពុងធ្លាក់ក្នុងភាពទាល់ច្រក។  សារនេះគឺដូចទៅនឹងសារលិខិតដែលបានផ្ញើទៅកាន់ប្រមុខសេតវិមាន ពីថ្ងៃទី ២៨ ខែធ្នូតាមរយៈឆានែលដែលមិនបានបញ្ជាក់ច្បាស់មួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ