សារព័ត៌មានបានរួមចំណែកដល់ជោគជ័យនៃកិច្ចការបរទេសឆ្នាំ ២០១៨
(VOVWORLD) - ក្នុងជំនួបសំណេះសំណាល់ជាមួយតំណាងសារព័ត៌មាននាថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ សំដៅបូកសរុបសកម្មភាពព័ត៌មានកិច្ចការបរទេស ឆ្នាំ ២០១៨ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសារព័ត៌មាន ដោយអះអាងថា សារព័ត៌មានគឺជាស្ពានតភ្ជាប់ដ៏សំខាន់ ក្នុងការផ្សាយព័ត៌មានកិច្ចការបរទេសរបស់បក្សរដ្ឋ ដល់ប្រជាជន និងពិភពលោកឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh |
មិនត្រឹមតែលើកកម្ពស់រូបភាពរបស់វៀតណាមនៅក្នុងប្រទេសនិងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងសារព័ត៌មានក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់ផ្នែកសតិអារម្មណ៍ ដើម្បីរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរបស់ប្រទេសជាតិទៀតផង។
លោក Pham Binh Minh បានមានប្រសាសន៍ថា ឆ្នាំ ២០១៨ ជាឆ្នាំជោគជ័យមួយសម្រាប់វៀតណាមលើគ្រប់វិស័យ គិតពីផ្នែកនយោបាយ សេដ្ឋកិច្ចវប្បធម៌និងសង្គមជាដើម។ ល្បឿននៃកំណើនសេដ្ឋកិច្ចបានលើសពីគោលដៅដែលបានដាក់ចេញ ដោយអាស្រ័យទៅលើផ្នែកគោលនយោបាយកិច្ចការបរទេសស្តីពីសេដ្ឋកិច្ច ការទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។ ក្រៅពីនោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់យ៉ាងស៊ីជម្រៅ វៀតណាមក៏បានរៀបចំព្រឹត្តិការណ៍ពហុភាគីសំខាន់ៗជាច្រើន ដូចជាសន្និសីទកំពូលតំបន់ទន្លេមេគ្គងបើកទូលាយ កិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ជាដើម ហើយវៀតណាមក៏បានលើកឡើងគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ លោក Pham Binh Minh បានអះអាងថារាល់ភាពជោគជ័យទាំងនេះគឺអាស្រ័យទៅលើការបញ្ជាណែនាំយ៉ាងខ្លាំងក្លាពីស្ថាប័នសារព័ត៌មានធំៗ ក្នុងនោះមានវិទ្យុសម្លេងវៀតណាម៕