សារព័ត៌មានបរទេស៖ ការបោះឆ្នោតនៅវៀតណាមបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា បណ្ដាទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានបរទេសបានផ្សាយព័ត៌មានជាច្រើនអំពីការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅវៀតណាម។ ទោះបីការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែការងារត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយធានាសុវត្ថិភាព ព្រមទាំងគោរពតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានផ្សាយព័ត៌មានអំពីការបោះឆ្នោតនៅ វៀតណាម |
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានផ្សាយព័ត៌មានថា ម្ចាស់ឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិក សមាជិការដ្ឋសភាចំនួន ៥០០ រូបសម្រាប់នីតិកាលទី ១៥ ក៏ដូចជាបោះឆ្នោត ជ្រើសរើសតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ ដោយសារជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ម្ចាស់ឆ្នោតបានគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតនោះ ហិបឆ្នោតទាំងអស់ត្រូវបានរៀបដាក់នៅកន្លែងដាច់ដោយឡែក ហើយត្រូវបានបិតស្លាកព្រមានគ្រោះអាសន្នឆ្លងជំងឺផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានដកស្រង់ប្រសាសន៍របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមុនពេលបោះឆ្នោតថា បណ្ដាវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីធានាថាការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មាន La Prensa Latinaរបស់គុយបាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា៖“ ប្រជាជនវៀតណាមទៅបោះឆ្នោតដើម្បីជ្រើសរើសកម្មាភិបាលសក្តិសមសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ”។ អត្ថបទនេះបានអះអាងថា ប្រជាជនវៀតណាមជាង ៦៩លាននាក់មានសិទ្ធិពេញលេញទៅបោះឆ្នោត ហើយចំនួនប្រជាជនទៅបោះឆ្នោតគឺខ្ពស់ណាស់។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន ទីភ្នាក់ងារសារព័ត៌មាន Spunik របស់ រុស្ស៊ី និងកាសែត halonoviny.czcz របស់សាធារណរដ្ឋឆែក ក៏បានផ្សាយព័ត៌មានជាច្រើនអំពីការបោះឆ្នោត ជ្រើសរើសសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅវៀតណាមផងដែរ៕