សារព័ត៌មានអ៊ីតាលី៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong រឹតបន្តឹងទំនាក់ទំនងទ្វេភាគីថែមទៀត
(VOVWORLD) - កាសែត AGCNews នាថ្ងៃទី២៩ កក្កដា បានចុះផ្សាយអត្ថបទ “ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងហាណូយនិងទីក្រុងរ៉ូម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម”។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ជួបពិភាក្សាគ្នាបន្ទាប់ពីពិធីទទួល។ (រូបថត៖ VNA) |
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទើបតែបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ ដែលបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ស្ថិរភាព និង ចីរភាព។ កាសែតធំៗជាច្រើននៅអ៊ីតាលីបន្តរាយការណ៍អំពីព្រឹត្តិការណ៍នេះ។
កាសែត AGCNews នាថ្ងៃទី២៩ កក្កដា បានចុះផ្សាយអត្ថបទ “ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងហាណូយនិងទីក្រុងរ៉ូម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម” ដោយសង្កត់ធ្ងន់លើការដែលវៀតណាម និងអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ក្នុងនោះបញ្ជាក់សារជាថ្មីនូវ ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលអនាគត ការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូត ការពារជាតិ និងសន្តិសុខ។ ក្នុងជំនួបពិភាក្សាការងារជាន់ ខ្ពស់ អ៊ីតាលីបានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាអាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនងនៅអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ហើយទន្ទឹមនឹងនោះ រួមចំណែកជាសំឡេងយ៉ាងសកម្មក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ អាកាសចរណ៍និងការគោរពច្បាប់អន្តរជាតិផងដែរ។
ចំណែកកាសែត La Voce di Alba បានចុះផ្សាយអត្ថបទអំពីសេចក្តីថ្លែងការណ៍របស់សមាជិកសភាលោកស្រី Chiara Gribaudo អនុប្រធានគណបក្សប្រជាធិបតេយ្យ ប្រធានក្រុមសមាជិកសភាមិត្តភាពអ៊ីតាលី-វៀតណាម បន្ទាប់ពីជួបជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅទីក្រុងរ៉ូម។ កាសែតនេះបានដកស្រង់សម្តីលោកស្រី Gribaudo ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយវៀតណាម រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ EU - វៀតណាម (EVIPA) ដែលត្រូវបានរដ្ឋសភាអ៊ីតាលីអនុម័តរួចមក កំពុងបើកឱកាសពាណិជ្ជកម្មថ្មីដ៏សំខាន់ សម្រាប់បណ្ដាសហគ្រាស៕