សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការងារបោះឆ្នោតរបស់វៀតណាម
(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១- ២០២៦របស់វៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា បានទាក់ទាញការយកចិត្តទុកដាក់ពីសារព័ត៌មានអន្តរជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានឲ្យដឹងថា ប្រជាជនវៀតណាមរាប់សិបលាននាក់បានពាក់ម៉ាស់ទៅបោះឆ្នោត ដើម្បីជ្រើសរើសបុគ្គលដ៏ឆ្នើមបំផុតដើម្បីតំណាងឲ្យពួកគេនៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងអាណត្តិខាងមុខ។ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ អាជ្ញាធរបានអនុវត្តន៍វិធានការជាច្រើនសំដៅធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ តាមនោះ មណ្ឌលបោះឆ្នោតទាំងអស់សុទ្ធតែធានាការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាត។ នៅមណ្ឌលធ្វើចត្តាឡីស័កវិញ ប្រអប់ផ្ទុកសន្លឹកឆ្នោតត្រូវបានបាញ់ថ្នាំកំចាត់មេរោគ ហើយជូនទៅម្ចាស់ឆ្នោតម្នាក់ៗ។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ី ផ្សាយថា កងទ័ពវៀត ណាមបានត្រៀមខ្លួនជាស្រេចដើម្បីធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ រដ្ឋមន្រ្តីការពារប្រទេស វៀតណាម លោក Phan Van Giang បានបញ្ជាឲ្យស្ថាប័ន អង្គភាពនានា បន្តបង្កើនវិធានការដើម្បីក្ដាប់ជាប់ស្ថានភាព ផ្លាស់ប្ដូរព័ត៌មានយ៉ាងញឹកញាប់រវាងកងកម្លាំង; ត្រួតពិនិត្យ គ្រប់គ្រងឲ្យបានតឹងរឹងនូវដែនអាកាស ដែនសមុទ្រ កោះ ព្រំដែន ដែនដីក្នុងស្រុកនិងលំហអ៊ីនធឺរណិត; ត្រៀមកម្លាំង មធ្យោ បាយឲ្យបានរួចជាស្រេចដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រប់ករណី មិនទុកឲ្យទទួលរងភាពអកម្មដោយមិនបានដឹងពីមុនឡើយ។ ទន្ទឹមនឹងនោះ សហការជាមួយស្ថាប័ន អង្គភាពនៅក្នុងនិងក្រៅកងទ័ព សំដៅធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ការពារសុវត្ថិភាពជាដាច់ខាតសម្រាប់ការបោះឆ្នោតផងដែរ៕