ស្លូវេនី មានប្រធានាធិបតីស្ត្រីដំបូងបង្អស់
(VOVWORLD) - ប្រទេសស្លូវេនី មានប្រធានាធិបតីជាស្ត្រីដំបូងបង្អស់ បន្ទាប់ពីបេក្ខជន Natasha Pirc Musar បានយកឈ្នះលើគូប្រជែងផ្ទាល់ Anze Logar ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។
បេក្ខជនជាប់ឆ្នោតជាប្រធានាធិបតីស្លូវេនី លោកស្រី Natasha Pirc Musar។ (រូបថត៖ Reuters) |
យោងតាមទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្លូវេនី ជាមួយនឹងការរាប់សន្លឹកឆ្នោត ៩៩% លោកស្រី Natasha Pirc Musar ទទួលបានសំឡេងគាំទ្រចំនួន ៥៣,៨% ខណៈដែលគូប្រជែងរបស់លោកស្រីគឺអតីតរដ្ឋមន្ត្រីការបរទេស លោក Anze Logar ទទួលបានត្រឹមតែ ៤៦,២% ប៉ុណ្ណោះ។ នេះក៏មានន័យថា Natasha Pirc Musar នឹងក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងបង្អស់នៅក្នុងប្រទេសស្លូវេនី។
បេក្ខជនទាំងពីរកំពុងឈរឈ្មោះ ជាអ្នកឯករាជ្យ។ ការដែលលោកស្រី Natasha Pirc Musar យកឈ្នះ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ពីព្រោះក្នុងជុំទី១ លោកស្រីទទួលបានសំឡេងគាំទ្រត្រឹមតែ ២៦,៨% ប៉ុណ្ណោះ ដែលតិចជាងគូប្រចែងផ្ទាល់គឺលោក Anze Logar ប្រហែល៧%។
តាមការរំពឹងទុក លោកស្រី Natasha Pirc Musar នឹងចូលកាន់តំណែងថ្មី ចាប់ពីថ្ងៃទី ២៣ ខែធ្នូ សម្រាប់អាណត្តិ ៥ ឆ្នាំ។ នៅក្នុងប្រព័ន្ធសភារបស់ប្រទេសស្លូវេនី តួនាទីរបស់ប្រធានាធិបតីគឺភាគច្រើនជានិមិត្តរូប។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Musar បានអះអាងថា នឹងមានអាកប្បកិរិយាខុសពីអ្នកកាន់តំណែងមុនគឺលោក Borut Pahor ដែលកម្របានជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយក្នុងស្រុក ក្នុងអំឡុងពេលពីរអាណត្តិកន្លងទៅ៕