សហគមន៍ Francophonie ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការ បង្រៀនភាសាបារាំង
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសា បារាំង (Francophonie)។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសា បារាំង (Francophonie)។ (រូបថត៖ VNA) |
នៅក្នុងជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់ថា វៀតណាមមានគោលជំហរបន្តចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងសកម្មភាពរបស់ អង្គការអន្តរជាតិ Francophonie ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួល ខុសត្រូវរបស់សហគមន៍ Francophonie។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីបានលើកឡើង នូវសំណើជាក់លាក់មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាហ្វ្រិក; ការបង្រៀន ភាសាបារាំង និងបង្រៀនជាភាសាបារាំង។ លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គការអន្តរជាតិ Francophonie ជួយបណ្តុះបណ្តាលជំនាញនិងភាសាបារាំងសម្រាប់កងកម្លាំង វៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងគាំទ្រចំពោះការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអាហ្វ្រិក (AU) ផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្ដែងនូវគោលបំណងថា Francophonie នឹងលើកត្រដែតនូវការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គាំទ្រចំពោះការរក្សាសន្តិសុខ សេរីភាពនាវាចរណ៍ និងការខិតខំ ប្រឹងប្រែងរបស់ភាគីនានា សំដៅនាំឲ្យសមុទ្រខាងកើតក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។
(រូបថត៖ VNA) |
រីឯខ្លួនវិញ អគ្គលេខាធិកាអង្គការអន្តរជាតិ Francophonie លោកស្រី Louise Mushikiwabo បានបញ្ជាក់ថា សហគមន៍ Francophonie នឹងពង្រឹងកិច្ចសហប្រតិបត្តិ ការជាមួយវៀតណាមក្នុងការបង្រៀនភាសាបារាំង និងបង្រៀនជាភាសាបារាំង ព្រម ទាំងជួយវៀតណាមក្នុងការត្រៀមរៀបចំចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជានឹងខិតខំប្រឹងប្រែង ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាម និងសហភាពអាហ្វ្រិក ដើម្បីផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់ ផងដែរ៕