សហគមន៍ប្រជាជនវៀតណាមនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកធ្វើសកម្មភាពតបស្នងសងគុណចំពោះបណ្តាគ្រួសារបដិវត្ត
(VOVWORLD) - នាថ្ងៃទី ២៧ ខែកក្កដា នៅឯវត្ត Heungryunsa ដែលស្ថិតក្នុងទីក្រុង Incheon នៃប្រទេសកូរ៉េខាងត្បូង មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវៀតណាម នៅកូរ៉េខាងត្បូងបានរួមជាមួយសមាគមពុទ្ធសាសនិកវៀត ណាមនៅកូរ៉េខាងត្បូង ជាមួយនឹងការគាំទ្រពីស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំពីធីបុណ្យតបស្នងសងគុណ ដើម្បីគោរពដល់វិញ្ញាណក្ខ័ន្ធរបស់ជីដូនជីតា ឪពុកម្ដាយដែលបានថែរក្សាបីបាច់ និងគោរពដល់គុណបំណាចរបស់វីរបុរសផងដែរ។
ទិដ្ឋភាពនៃពិធីបុណ្យនៅប្រទេសកូរ៉េខាងត្បូង |
ចូលរួមក្នុងពិធីបុណ្យនេះ មានតំណាងស្ថានទូតវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយចំនួន រួមទាំងតំណាងអ្នកកាន់សាសនាព្រះពុទ្ធសាសនាកូរ៉េខាងត្បូង; ក្រុមហ៊ុនកូរ៉េខាងត្បូង រដ្ឋាភិបាលមូលដ្ឋានក៏ដូចជាព្រះសង្ឃនិងដូនជីជនជាតិវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។ ពិធីបុណ្យនេះ ជាឱកាសសម្រាប់ព្រះសង្ឃ ដូនជីនិងប្រជាជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ សិក្សានៅប្រទេសកូរ៉េខាងត្បូង បង្ហាញពីភាពស្មោះត្រង់ ការតបស្នងសងគុណចំពោះជីដូនជីតា ឪពុក ម្តាយដែលបានចិញ្ចឹមបីបាច់។ លើសពីនេះទៅទៀត ពិធីបុណ្យនេះ ថែមទាំងជាសកម្មភាពវប្បធម៌ការទូតដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលរួមចំណែកដល់ការផ្សព្វផ្សាយអំពីប្រជាជននិងវប្បធម៌របស់វៀតណាម ក៏ដូចជា ជំរុញការជួបប្រាស្រ័យវប្បធម៌និងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូងផងដែរ។
នាយប់ថ្ងៃដដែល នៅវត្ត Phat Tich ស្ថិតនៅរដ្ឋធានីវៀងចាន់ សហគមន៍ប្រជាជន វៀតណាមនៅឡាវបានប្រារព្ធពិធីបង្សកូលដើម្បីឧទ្ទិសកុសល់ ដល់វីរៈបុរសដែលពលីកម្មក្នុងបុព្វហេតុនៃការរំដោះជាតិ។ នេះគឺជាឱកាសមួយសម្រាប់មនុស្សគ្រប់គ្នាបង្ហាញពីការតបស្នងសងគុណចំពោះគុណូបការៈដ៏អង់អាចក្លាហានរបស់អ្នកដែលពលីកម្ម ដើម្បីមាតុប្រទេសមានឯករាជ្យ ហើយមនុស្សទាំងអស់គ្នា បានរស់នៅក្នុងភាពសប្បាយរីករាយ ចម្រុងចម្រើន៕