សហគមន៍អន្តរជាតិជឿជាក់ថាវៀតណាមនឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៤៥
(VOVWORLD) - ឆ្នាំ ២០២៣ គូសសញ្ញាសម្គាល់ពិសេសមួយ ខណៈដែលវៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំនងការទូត និងបង្កើតទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសជាច្រើននៅលើពិភពលោក។
លោក Denny Abdi ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។ រូបថត៖ Nguyen Viet/VNA |
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនប្រចាំនៅវៀតណាមបានសម្តែងនូវជំនឿជាក់ថា វៀតណាមនឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ រួមចំណែកកាន់តែច្រើនដល់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Denny Abdi បានសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ នឹងជំរុញសន្ទុះអភិវឌ្ឍន៍ ឆ្ពោះទៅរកការអនុវត្តចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានអះអាងថា វៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់របស់អូស្ត្រាលី។ យោងតាមលោកឯកអគ្គរដ្ឋទូត វៀតណាមបានក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី ១៥ នៅលើពិភពលោកដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ី។ ប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់ជាពិសេសដល់វៀតណាម។
ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតហូឡង់ លោក Kees van Baar បានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) បានធ្វើឲ្យបរិយាកាសវិនិយោគវៀតណាមកាន់តែទាក់ទាញចំពោះធុរកិច្ចបរទេស។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ហូឡង់នឹងរួមដំណើរជាមួយវៀតណាមជានិច្ច ជួយវៀតណាមអាចបញ្ចាក់បាននូវពាណិជ្ជសញ្ញារបស់ខ្លួននៅក្នុងទីផ្សារនាំចេញនិងបន្តជាដៃគូគួរឲ្យទុកចិត្តរបស់សហភាពអឺរ៉ុប នាពេលខាងមុខ៕