សហភាពអឺរ៉ុបត្រៀមខ្លួនគាំទ្រវៀតណាមក្នុងការទទួលនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩
(VOVWORLD) - នារសៀលថ្ងៃទី ១ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ VTV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា EU នឹងបន្ត ផ្តោតការយកចិត្តទុកដាក់ក្នុងការជួយវៀតណាមទទួលបានវ៉ាក់សាំងការពារ កូវីដ ១៩និងចែករំលែកបច្ចេកវិទ្យានិងបច្ចេកទេស ពង្រឹងសមត្ថភាពចាក់វ៉ាក់សាំងក៏ដូចជាផលិតវ៉ាក់សាំងនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត EU បន្តជំរុញរដ្ឋសភានៃប្រទេសជាសមាជិក EU បំពេញនូវនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សហភាពអឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានស្នើនូវវិធានការនិងវិស័យសហប្រតិបត្តិការមួយចំនួន ដែលជាឧត្តមភាពរបស់ EU ដូចជា សេដ្ឋកិច្ចឌីជី ថល ថាមពលប្រកបដោយចីរភាពនិងកំណើនបៃតង ដើម្បីលើកកំពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) នៅក្នុងពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឱ្យវៀតណាមអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រកបដោយជោគជ័យ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ព្រមទាំងបានដឹងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីតភ្ជាប់និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងពីអឺរ៉ុប។
លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់៕