សហភាពអឺរ៉ុបព្រមានពីការកើនឡើងហានិភ័យនៃអំពើភេរវកម្មជុំវិញបុណ្យណូអែល

(VOVWORLD) - អាជ្ញាធរសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ៥ ខែធ្នូ បានព្រមានថា EU ប្រឈមមុខនឹងហានិភ័យដ៏ធំ នៃការវាយប្រហារភេរវកម្មក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំនេះ ក្នុងបរិបទដែលជម្លោះនៅតំបន់ហ្គាហ្សាកំពុងប៉ះពាល់ដល់តំបន់នេះ។
សហភាពអឺរ៉ុបព្រមានពីការកើនឡើងហានិភ័យនៃអំពើភេរវកម្មជុំវិញបុណ្យណូអែល - ảnh 1ប៉ូលិសយាមច្រកចូលប្រាសាទពីរ៉ាមីត នៅបរិវេណសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស។ រូបភាព៖ AFP/TTXVN

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌នៃបណ្តាប្រទេស EU ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានឲ្យដឹងថា ការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី ២ ខែធ្នូ នៅទីក្រុងប៉ារីស(បារាំង) ដែលជនល្មើសបានអះអាងថាជាអ្នកដើរតាមអង្គការភេរវករ “រដ្ឋអ៊ីស្លាម” (IS) ជាមួយនឹងករណីមួយចំនួនទៀត ជាសញ្ញាដែលបង្ហាញថា ហានិភ័យនៃការវាយប្រហារភេរវកម្ម នៅក្នុងបណ្តាប្រទេស EU ក្នុងអំឡុងបុណ្យណូអែលគឺខ្ពស់ណាស់។ លោកស្រី Johansson បានព្រមានថា៖  “ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាការបែកបាក់គ្នានៅក្នុងសង្គម ដែលបណ្តាលមកពីជម្លោះ បានបង្កើតឱ្យមានហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្មនៅក្នុងសហភាពអឺរ៉ុប ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យណូអែលខាងមុខ។ យើងទើបតែឃើញរឿងនោះនៅទីប៉ារីស ហើយជាអកុសលមុននោះផងដែរ”។

ជាការឆ្លើយតបទៅនឹងការកើនឡើងហានិភ័យផ្នែកសន្តិសុខក្នុងអំឡុងពេលពិធីបុណ្យចុងឆ្នាំ គណៈកម្មការអឺរ៉ុប(EC)បានចំណាយថវិកាបន្ថែម ៣០លានអឺរ៉ូ (៣២,៥លានដុល្លារ) ដើម្បីការពារទីតាំងសាសនា ក៏ដូចជាកន្លែងប្រមូលផ្តុំមនុស្សនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប។ ប្រទេសអឺរ៉ុបមួយចំនួនក៏បានប្រកាសផែនការបង្កើនសន្តិសុខនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដែរ។ នៅប្រទេសអាឡឺម៉ង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Nancy Faeser បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង ដើម្បីទប់ទល់នឹងហានិភ័យនៃអំពើភេរវកម្ម និងការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វ ដោយសារតែការកើនឡើងនៃភាពតានតឹងរវាងសហគមន៍ដោយសារជម្លោះនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ