សហភាពអឺរ៉ុបអាចជំនះលើរដូវរងារឆ្នាំ២០២២

(VOVWORLD) - អឺរ៉ុបអាចនឹងជំនះលើរដូវរងាឆ្នាំនេះអាស្រ័យដោយបានបំពេញ ៩៥% នៃឃ្លាំង ទុកបម្រុងថាមពលយុទ្ធសាស្ត្ររបស់ខ្លួន ប៉ុន្តែទំនងជានឹងខ្វះខាតឧស្ម័ននៅរដូវរងារឆ្នាំ ក្រោយ ប្រសិនបើបាត់បង់ប្រភពផ្គត់ផ្គង់ទាំងស្រុងពីរុស្ស៊ី ហើយតម្រូវការឧស្ម័នពី សេដ្ឋកិច្ចចិនកើនឡើងវិញ។ នេះជាការវាយតម្លៃរបស់អង្គការថាមពលអន្តរជាតិ (IEA) ដែលធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា។

សហភាពអឺរ៉ុបអាចជំនះលើរដូវរងារឆ្នាំ២០២២ - ảnh 1បំពង់បង្ហូរឧស្ម័ននៅស្ថានីយ៍មួយនៅ Werne ប្រទេសអាល្លឺម៉ង់។ (រូបថត៖ AFP/VNA)
យោងតាម IEA កត្តាសំខាន់ដំបូងដែលជួយអឺរ៉ុបជំនះលើរដូវរងារគឺថា រុស្ស៊ីបាន រក្សាបរិមាណឧស្ម័នសឹងតែទាំងអស់ដែលបានចែងក្នុងកិច្ចសន្យាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ទោះបីជាជម្លោះបានកើតឡើងក៏ដោយ។ ចាប់តាំងពីដើមឆ្នាំ ២០២២ មក រុស្ស៊ីបានផ្តល់ឧស្ម័នដល់អឺរ៉ុបនូវបរិមាណឧស្ម័នសរុបចំនួន ៦០ ពាន់លាន ម៉ែត្រគីប។ កត្តាទីពីរគឺថា អឺរ៉ុបបានឆ្លៀតពេលទិញឧស្ម័នធម្មជាតិរាវ (NLG) ក្នុង បរិមាណធំ ខណៈដែលតម្រូវការឧស្ម័នប្រភេទនេះពីប្រទេសចិនបានធ្លាក់ចុះ ដោយ សារតែសេដ្ឋកិច្ចត្រូវជាប់គាំងដោយគោលនយោបាយ “សូនកូវីដ”។ ចុងក្រោយ គឺកត្តា អាកាសធាតុ នៅពេលដែលរដូវរងារឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមិនជ្រុលពេក នោះទេ ដែលជួយឲ្យតម្រូវការកំដៅរបស់ប្រជាជនថយចុះប្រហែល ៩%។
ទោះជាយ៉ាងណាក៏ដោយ កត្តាអំណោយផលទាំងនេះអាចនឹងបាត់បង់នៅរដូវ រងារឆ្នាំ ២០២៣ ដោយសារតែការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ីឥឡូវនេះស្ទើរតែអស់ ទៅហើយ។ ការផលិតឧស្ម័នធម្មជាតិរាវរបស់ពិភពលោកនៅឆ្នាំ ២០២៣ ត្រូវបាន គេព្យាករណ៍ថា នឹងកើនឡើងត្រឹមតែប្រហែល ២០ ពាន់លានម៉ែត្រគីបប៉ុណ្ណោះ ហើយ វានឹងមិនគ្រប់គ្រាន់ទេ ប្រសិនបើតម្រូវការថាមពលរបស់សេដ្ឋកិច្ចចិនស្ដារឡើងវិញដូច នៅឆ្នាំ ២០២១។ យោងតាមនាយកអង្គការថាមពលអន្តរជាតិលោក Fatih Birol អឺរ៉ុបនឹងខ្វះខាត ឧស្ម័នប្រហែល ៣០ ពាន់លានម៉ែត្រគីប នៅរដូវរងារឆ្នាំ ២០២៣ ហើយឃ្លាំងទុក បម្រុងថាមពលយុទ្ធសាស្ត្រនឹងបំពេញត្រឹមតែប្រហែល ៦៥% ប៉ុណ្ណោះ បើប្រៀបធៀប ទៅនឹងកម្រិត ៩៥% ដូចឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ