សហភាពអឺរ៉ុបអំពាវនាវឱ្យជៀសវាងការបង្កើនផ្នែកយោធានៅក្នុងបញ្ហាអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអញ្ជើញបំពេញទស្សនកិច្ចដោយចៃដន្យមួយទៅកាន់ទីក្រុងព្រុចសែល សំដៅពិភាក្សាជាមួយមជ្ឈដ្ឋានមន្រ្តីសហភាពអឺរ៉ុបអំពីបញ្ហាអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
បន្ទាប់ពីបានជួបជាមួយលោក Pompeo តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែក គោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Federica Mogherini បានចែករំលែកជាមួយភាគីអាមេរិកអំពីគោលជំហររួមរបស់សហភាពអឺរ៉ុបគឺ "អត់ធ្មត់និងជៀសវាងការកើនឡើងផ្នែកយោធា" ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបជាមួយលោក Mike Pompeo នោះ លោកស្រី Federica Mogherini បានឲ្យដឹងថាសហភាពអឺរ៉ុបបាន«ចែករំលែកអាកប្បកិរិយាដែលមានការទទួលខុសត្រូវលើបញ្ហាអ៊ីរ៉ង់ ដែលពោលគឺត្រូវកាត់បន្ថយនិងជៀសវាងពីការបង្កើនផ្នែកយោធាជាអតិបរមា»។ លោក Pompeo មិនបានចូលរួមក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបនេះឡើយ។ គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោកស្រី Mogherini និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ (ដែលជាប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់) បានមានជំនួបពិសេសសំដៅពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការទូតនៃសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល (បែលហ្សិក)។ លោកស្រី Mogherini បានលើកច្បាស់ថា នាបច្ចុប្បន្នភាគីនានាកំពុងមានភាពខុសប្លែកគ្នា យ៉ាងខ្លាំងជាមួយប្រទេសអ៊ីរ៉ង់ក្នុងការអភិវឌ្ឍតំបន់ ហើយការសន្ទនាគឺជាវិធីដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាទាំងនេះផងដែរ៕