សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការជំនះផលវិបាកបណ្តាលមកពីសង្គ្រាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមសូមថ្លែងអរគុណចំពោះសហរដ្ឋ អាមេរិកដែលបានគាំទ្រវៀតណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មួយចំនួនធំនាពេលកន្លង មក ហើយបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកក្នុងទទួលយកប្រភពវ៉ាក់សាំងការពារកូវីដ ១៩ ផ្សេងៗ ទៀតដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន។
ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូឈានមុខគេក្នុងគោលនយោបាយការបរទេស និងមានបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមមានបំណងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសហរដ្ឋអាមេរិកក្នុងការជម្នះផលវិបាកនៃសង្គ្រាម ស្វែងរកទាហានដែលបាត់ខ្លួន បោសសំអាតគ្រាប់បែកមីន ដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជាពិសេសគឺបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនវៀតណាមដែលរងគ្រោះដោយសារជាតិពុលនេះ។ វៀតណាមក៏ចង់ឱ្យអាមេរិកធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងជាមួយអាស៊ានដើម្បីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងនៅលើពិភពលោក។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានអះអាងថា នាពេលខាងមុខ ភាគីអាមេរិកនឹងបន្តសហការជាមួយវៀតណាមដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាឧបត្ថម្ភឧបករណ៍សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩ របស់ វៀតណាម។ រួមជាមួយនោះ សហរដ្ឋអាមេរិកនឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមដើម្បីជំនះផលវិបាកនៃសង្គ្រាម បន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ ដោយចាត់ទុកថា ប្រទេសទាំងពីរអាចពង្រីកខ្លឹមសារសហប្រតិបត្តិការជាច្រើនលើវិស័យដែលជាសក្តានុពលរបស់ប្រទេសនីមួយៗ រដ្ឋមន្ត្រី Lloyd Austin ក៏បានស្នើឱ្យភាគីទាំងពីរ សិក្សានិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។
ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុក ដាក់ទៅវិញទៅមក ក្នុងនោះមានទាំងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ១៩៨២ ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានមានប្រសាសន៍ផងដែរថាប្រទេសវៀតណាមកំពុងទន្ទឹងរងចាំស្វាគមន៍ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតីអាមេរិក Kamala Harris មកបំពេញទស្សនៈកិច្ចនៅវៀតណាមនាពេលខាងមុខ៕