សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស វាយប្រហារទៅលើគោលដៅជាច្រើនរបស់ Houthi នៅយេម៉ែន

(VOVWORLD) - នាថ្ងៃទី ៤ ខែតុលា យន្តហោះចម្បាំងរបស់អាមេរិកនិងអង់គ្លេសបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅរបស់កងកម្លាំង Houthi នៅក្នុងទីក្រុងជាច្រើននៃប្រទេសយេម៉ែន ដែលគូសសញ្ញានៃការវាយប្រហារថ្មីបំផុតរបស់កម្លាំងអាមេរិក និងអង់គ្លេសដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ Houthi ទៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហម។

សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស វាយប្រហារទៅលើគោលដៅជាច្រើនរបស់ Houthi នៅយេម៉ែន - ảnh 1ផ្សែងហុយឡើងនៅក្រុងសាណា ប្រទេសយេម៉ែន បន្ទាប់ពីការវាយឆ្មក់របស់អាមេរិកកាលពីថ្ងៃទី៤ ខែតុលា (រូបថត៖ AFP)

ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយ Houthi បានឲ្យដឹងថា យន្តហោះរបស់អាមេរិកនិងអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនបួនលើកទៅលើខ័ណ្ឌ Al-Thawra ក្នុងរដ្ឋធានី Sanaa ការវាយប្រហារមួយនៅក្នុងទីក្រុង Dhamar ភាគខាងត្បូង និងការវាយប្រហារតាមអាកាសចំនួន ៧ លើកផ្សេងទៀតបានវាយប្រហារអាកាសយានដ្ឋាន Hodeida ក៏ដូចជាតំបន់ Al - Katheeb នៅភាគខាងលិចនៃទីក្រុង Hodeidah។ រូបថតនិងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីផ្សែងហុយចេញពីទីតាំងនានាក្នុងទីក្រុង Sanaa និង Hodeidah។

សូមរំលឹកឡើងវិញថា ចាប់តាំងពីខែមករាឆ្នាំ ២០២៤ ទាហានអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើទីក្រុង Sanaa, Hodeidah, Taiz និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយ Houthi ក្នុងប្រទេសយេម៉ែន។ គោលដៅនៃការវាយប្រហារតាមអាកាសគឺយន្តហោះគ្មានមនុស្សបើក កាំជ្រួច កន្លែងស្តុកគ្រាប់ និងឃ្លាំងគ្រាប់រំសេវរបស់ Houthi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ