សហរដ្ឋអាមេរិកនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយឧបត្ថម្ភដល់វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Marc Evans Knapper ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលចូលជួបសម្តែងការគួរសមក្នុងឱកាស លោកមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ vtv.vn) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា អាមេរិកគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម ហើយវៀតណាមមានបំណងចង់ចូលរួមជាមួយអាមេរិកក្នុងការនាំយកទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកបណ្តាលមកពីសង្គ្រាមគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងវៀតណាម-អាមេរិក ហើយការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុបានក្លាយទៅជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ក្រៅពីនោះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ - ការពារជាតិ អប់រំ ... គឺជាបុព្វបទដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Evans Knapper បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់វៀតណាមលើគ្រប់វិស័យជាពិសេសក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញសេដ្ឋកិច្ចសង្គម ក្រោយជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា នាពេលខាងមុខ លោកនឹងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាមក្នុងការផ្លាស់ប្តូរគណៈប្រតិភូ បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ការអភិវឌ្ឍបៃតងនិងចីរភាព ការបណ្តុះបណ្តាលធនធានមនុស្សនិងការផ្លាស់ប្តូរឌីជីថលជា ដើម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា អាមេរិកនឹងធ្វើអស់ពីសមត្ថភាពដើម្បីជួយឧបត្ថម្ភដល់វៀតណាម ហើយជឿជាក់ថា កម្មវិធីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់វៀតណាមនឹងទទួលបានជោគជ័យជាពុំខាន។
ក្នុងកម្រិតតំបន់និងពហុភាគី លោកឯកអគ្គរដ្ឋទូត Marc Evans Knapper បានអះអាងនូវបំណងប្រាថ្នារបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់មហាសមុទ្រឥណ្ឌា-ស៊ីហ្វិក ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងឯកអគ្គរដ្ឋទូត Marc Evans Knapper ក៏បានពិភាក្សាអំពីគោលជំហររបស់បណ្តាប្រទេសអាស៊ានក្នុងការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រ ខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕