សហរដ្ឋអាមេរិកនិងអង្គការណាតូ (NATO) ចាប់ផ្តើមដកទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន
(VOVWORLD) - សហរដ្ឋអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មាននេះត្រូវបានប្រកាសដោយលោកឧត្តមសេនីយ៍ទោ Austin Scott Miller មេបញ្ជាការនៃកងកម្លាំងអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ២៥ ខែមេសា។ តាមនោះសម្ព័ន្ធភាពចម្រុះដឹកនាំដោយអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីមូលដ្ឋានជាច្រើននៅអាហ្វហ្គានីស្ថាន ហើយបន្ទាប់ពីការដកទ័ព មូលដ្ឋានទាំងអស់នឹងត្រូវផ្ទេរប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថានវិញ។ សេចក្តីជូនដំណឺងនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Jens Stoltenberg បានបង្ហើបពីផែនការរបស់ប្លុកនេះដើម្បីចាប់ផ្តើមដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានចាប់ពីថ្ងៃទី១ ខែឧសភា ហើយដំណើរការនេះនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត៕