សហរដ្ឋអាមេរិកបោះឆ្នោតវេតូលើពង្រាងសេចក្ដីសម្រេចចិត្តគាំទ្រប៉ាឡេស្ទីនឱ្យក្លាយទៅជាជាសមាជិកនៃអង្គការសហប្រជាជាតិ
(VOVWORLD) - លទ្ធផលបានបង្ហាញពីសំឡេងគាំទ្រចំនួន ១២ សំឡេង សម្លេងអនុប្បវាទ ២ និងសំឡេងប្រឆាំងចំនួន ១ សំឡេងពីសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបោះឆ្នោតវេតូលើពង្រាងសេចក្ដីសម្រេចចិត្តគាំទ្រប៉ាឡេស្ទីនឱ្យក្លាយទៅជាជាសមាជិកនៃអង្គការសហប្រជាជាតិ។ រូបថត៖ THX/TTXVN |
នាថ្ងៃទី ១៨ មេសា ម៉ោងក្នុងស្រុក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតស្ដីពីសមាជិកភាពផ្លូវការចំពោះប៉ាឡេស្ទីន។
លទ្ធផលបានបង្ហាញពីសំឡេងគាំទ្រចំនួន ១២ សំឡេង សម្លេងអនុប្បវាទ ២ និងសំឡេងប្រឆាំងចំនួន ១ សំឡេងពីសហរដ្ឋអាមេរិក។ ជាមួយនឹងសម្លេងឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តដែលស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតលើសំណើរបង្កើនឋានៈជាអ្នកសង្កេតការណ៍របស់ប៉ាឡេស្ទីនឱ្យក្លាយទៅជាសមាជិកផ្លូវការនៃអង្គការពហុភាគីធំបំផុត នៅលើភពផែនដីឡើយ។
បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស តំណាងភាគីប៉ាឡេស្ទីនបានរិះគន់ការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិក។ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់សហព័ន្ធរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Vassily Nebenzia បានបញ្ជាក់ថា បច្ចុប្បន្នសហគមន៍អន្តរជាតិភាគច្រើនបានគាំទ្រប៉ាឡេស្ទីនឱ្យក្លាយទៅជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិ និងសម្លេងឆ្នោតវេតូរបស់សហរដ្ឋអាមេរិក កាន់តែធ្វើឲ្យប្រទេសនេះឯកោប៉ុណ្ណោះ។ យោងតាមលោកបានឲ្យដឹងថា នេះក៏ជាលើកទី ៥ ហើយ ដែលសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូលើពង្រាងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាផងដែរ៕