សហរដ្ឋអាមេរិកប្តេជ្ញាដើរតួនាទីជាស្នូលនិងនាំមកនូវវិបុលភាពដល់ដៃគូអាស៊ាន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១០ ខែកញ្ញាបានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អាមេរិក។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក (រូបថត៖ vov.vn) |
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថា ការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ជះឥទ្ធិពលយ៉ាងខ្លាំង ដល់ជីវភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេលវែង ដែលគ្មានប្រទេសណាមួយអាចទប់ទល់ ដោយឯកឯងបានឡើយ។ ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងដៃគូ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនោះមានទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានទៀតផង។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានមោទនភាពណាស់ចំពោះវិធីសាស្ត្រដែលយើងទាំងអស់កំពុងប្រតិបត្តិក្នុងគ្រាលំបាកនេះ ហើយខ្ញុំចង់អោយអ្នកយល់ថា អាមេរិកនឹងបន្តដឹកនាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការស្តារពិភពលោកក្រោយជំងឺរាតត្បាត ដោយសន្យាផ្តល់ប្រាក់រហូតដល់ ៨៧ លានដុល្លារសម្រាប់បណ្តាប្រទេសអាស៊ានគឺស្ថិតនៅក្នុងកញ្ចប់ជំនួយរាប់ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកចំណាយសម្រាប់ពិភពលោក។ នេះគឺជាសកម្មភាពជាក់ស្តែងមួយដែលកត់សម្គាល់រយៈពេល ៥ ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក ដែលជួយបង្កើតអនាគតនៃតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ។ សហរដ្ឋអាមេរិកប្តេជ្ញាធានានូវមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ហើយនឹងនាំមកនូវវិបុលភាពដល់ដៃគូអាស៊ានផង”។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - កាណាដា (រូបថត៖ VGP) |
នៅព្រឹកថ្ងៃទី ១០ កញ្ញានេះដែរ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - កាណាដាក៏បានប្រារព្ធធ្វើឡើង។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការវិជ្ជមានដែលសម្រេចបានរួមមានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពអាស៊ាន - កាណាដាឆ្នាំ ២០១៦-២០២០ ជាមួយ ១០០% នៃបន្ទាត់សកម្មភាពដែលត្រូវបានអនុវត្តនាពេលកន្លងមក។
ទាក់ទងនឹងស្ថានភាពអន្តរជាតិនិងតំបន់ រដ្ឋមន្ត្រីនានាក៏បានចែករំលែកទស្សនៈថាក្នុងបរិបទបច្ចុប្បន្ន ប្រទេសនានាត្រូវជំរុញការសន្ទនា ពង្រឹងការកសាងទំនុកចិត្តនិងលើកកម្ពស់សន្តិសុខនិងស្ថេរភាពក្នុងតំបន់។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “កាណាដាបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានក្នុងការជំរុញសន្តិភាពនិងសន្តិសុខ សុវត្ថិភាពនៅសមុទ្រនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ គោលជំហររបស់អាស៊ានគឺឥតងាករេ។ អាស៊ានបានបញ្ជាក់ពីសារសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២ ក៏ដូចជាវិធានការណ៍នានា ដើម្បីលើកកម្ពស់ការកសាងទំនុកចិត្ត មិនធ្វើយោធូបនីយកម្មនិងអត់ធ្មត់ក្នុងការអនុវត្តរាល់សកម្មភាព”៕