សហរដ្ឋអាមេរិកបន្តគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តការចរចារ និងស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់ជម្លោះ ដែលអូសបន្លាយច្រើនទសវត្សកន្លងទៅរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken |
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោករដ្ឋមន្រ្តីការបរទេស Blinken បានឲ្យដឹងថា លោកបានទៅកាន់មជ្ឈឹមបូព៌ា សំដៅប្រដេញតាមគោលដៅចំនួនបួន។ លោកបានបញ្ជាក់ថា៖ “ទីមួយគឺ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល។ ទីពីរ គឺ ចាប់ផ្ដើមឆ្ពោះទៅរកស្ថេរភាពជាងមុន ហើយកាត់បន្ថយភាពតានតឹងនៅតំបន់ West Bank និងទីក្រុងយេរូសាឡឹម។ ទីបីគឺដើម្បីផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងជួយសម្រួលការស្ថាបនាតំបន់ហ្គាហ្សា សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជនប៉ាឡេស្ទីន។ ទី ៤ គឺដើម្បី បន្តកសាងទំនាក់ទំនងរបស់អាមេរិកជាមួយប្រជាជននិងអាជ្ញាធរប៉ាឡេស្ទីនឡើងវិញ”។
យោងតាមប្រមុខការទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា បណ្ដាថ្នាក់ដឹកនាំ ទាំងអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាំបាច់ត្រូវរិះរកផែនការដ៏ល្អប្រសើរជាង ដោយចាប់ផ្តើមពីការកែលំអជីវភាពរស់នៅរបស់ប្រជាជនអ៊ីស្រាអែល ក៏ដូចជានៅតំបន់ហ្គាហ្សា និងតំបន់ West Bank យ៉ាងពិតប្រាកដ។
រដ្ឋមន្រ្តីការបរទេសលោក Blinkenបានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់រដ្ឋការប្រធានាធិបតី លោក Biden ចំពោះដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រសិនបើ លក្ខខ័ណ្ឌសមស្របត្រូវបានឆ្លើយតបផងដែរ៕