សហរដ្ឋអាមេរិកប្រកាសខ្ទង់ជំនួយដើម្បីជួយវៀតណាមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ
(VOVWORLD) - ខ្ទង់ជំនួយនេះនឹងត្រូវបានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បញ្ចូនទៅកាន់សមាគមកាកបាទក្រហមវៀត ណាម។
កម្ពស់ទឹកទន្លេកើនឡើង ជន់លិចផ្ទះប្រជាពលរដ្ឋនិងផ្លូវថ្នល់ក្នុងសង្កាត់ Dong Thanh ទីក្រុង Dong Ha |
នាថ្ងៃទី ១៧ ខែតុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានប្រកាសផ្តល់ខ្ទង់ជំនួយ ទប់ទល់គ្រោះមហន្តរាយដំបូង ដែលមានតម្លៃ ១០០,០០០ ដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់ របស់ សហគមន៍ងាយរងគ្រោះមួយចំនួន នៅតាមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយព្យុះទីហ្វុង Linfa (ព្យុះទី ៦)។ ខ្ទង់ជំនួយនេះនឹងត្រូវបានទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បញ្ចូនទៅកាន់សមាគមកាកបាទក្រហមវៀតណាម។ ឯកអគ្គរដ្ឋទូត Kritenbrink បានមានប្រសាសន៍ថា៖ បេសកកម្មការទូតអាមេរិកតែងតែប្រកៀកស្មារជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាពេលបច្ចុប្បន្ន ដោយសន្យាជួយវៀតណាមក្នុងកិច្ចការកសាងស្ថាបនាប្រទេសក្រោយគ្រោះមហន្តរាតធម្មជាតិ។ លោកឯកអគ្គរដ្ឋទូត Kritenbrink ក៏បានសម្តែងការព្រួយបារម្ភចំពោះជនពិការនៅតាមខេត្ត ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង ព្រោះថានេះជាក្រុមងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយធម្មជាតិ។
តាមការប៉ាន់ស្មាន ខេត្តដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Linfa មានជនពិការជាង ២ សែននាក់រស់នៅ ក្នុងនោះជនពិការចំនួន ៦១ ពាន់នាក់រងផលប៉ះពាល់ដោយផ្ទាល់ពីគ្រោះមហន្តរាយនេះ។ យ៉ាងណាមិញ ទីភ្នាក់ងារ USAID នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះគ្រោះមហន្តរាយរបស់វៀតណាម ហើយកំពុងមានផែនការផ្តល់ជំនួយបំពេញបន្ថែមផងដែរ៕