សហរដ្ឋអាមេរិកផ្ទេរប្រគល់មូលដ្ឋានយោធាធំបំផុតឲ្យអាហ្គានីស្ថាន
(VOVWORLD) - នៅថ្ងៃទី ២ ខែកក្កដា កងទ័ពអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទាំងអស់បានដកខ្លួនចេញមូលដ្ឋានទ័ពអាកាស Bagram ដែលជាមូលដ្ឋានយោធាធំបំផុតនៅអាហ្វហ្គានីស្ថាន ក្រោយរយៈពេលជិត ២០ ឆ្នាំ មានវត្តមាននៅទីនេះ។ មូលដ្ឋាននេះត្រូវបានផ្ទេរប្រគល់ឱ្យកងទ័ពអាហ្វហ្គានីស្ថាន។
កងទ័ពអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទាំងអស់បានដកខ្លួនចេញមូលដ្ឋានទ័ពអាកាស Bagram (រួបថត៖ Reuters) |
Bagram គឺជាមូលដ្ឋានយោធាធំបំផុតរបស់បណ្ដាកងកម្លាំងសហរដ្ឋអាមេរិក និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅអាហ្វហ្គានីស្ថាន ដោយបានដើរតួនាទីដ៏សំខាន់ក្នុងការធានាសន្តិសុខទីក្រុងកាប៊ុល។ ប្រតិកម្មចំពោះព្រត្តិការណ៍នេះកងកម្លាំងបះបោរតាលីបង់នៅអាហ្វហ្គានីស្ថានបានអបអរសាទរចំពោះសកម្មភាពដកទ័ពរបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានអះអាងថា នាបច្ចុប្បន្នេះ ប្រជាជន អាហ្គានីស្ថានបានខិតមកជិតស្ថិរភាព និងសន្តិភាព ខណៈពេលដែលកងកម្លាំងបរទេសបានដកទ័ពចេញ។ ទោះយ៉ាងណាកក៏ដោយ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនមានការព្រួយបារម្ភអំពីស្ថានភាពជម្លោះឡើងជណ្ដើរ ដោយពួកតាលីបង់បានប្រើអំពើហឹង្សាដើម្បីដណ្ដើមសិទ្ធិគ្រប់គ្រង។ នៅចំពោះភាគីអន្តរជាតិវិញ ប្រទេសជាសមាជិកណាតូ រួមទាំងមន្ត្រីអាមេរិកបានព្រមានថា គ្រោះថ្នាក់នៃការដកទ័ពចេញពីអាហ្វហ្គានីស្ថាន នឹងគំរាមកំហែងដល់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅផងដែរ៕